(ពោធិ៍សាត់​)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នាំ២០២៣នេះ​ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ ដោយមានការចូលរួមអមដំណើរពីសំណាក់ លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ អគ្គនាយក លោកប្រធានមន្ទីរ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

នាឱកាសនោះ​ លោកប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូន​ បានឡេីងរាយការណ៍​ពីបច្ចុប្បន្នភាពការងារដែលកំពុងអនុវត្ត ទិសដៅការងារបន្ត និងសំណូមពរមួយចំនួន ជាអាទិភាពជូនឯកឧត្តមរដ្ឋមន្ត្រី។

លោករដ្ឋមន្ត្រី លោក ប៉េង ពោធិ៍នា​ បានលេីកឡេីងអំពី​ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានអាទិភាពគន្លឹះចំនួន៥ គឺ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”​ និងបានបញ្ជាក់ថែមទៀតថា​ ក្រសួងត្រូវយកចិត្តទុកដាក់ជាសំខាន់ លើការអភិវឌ្ឍធនធានមនុស្ស ដើម្បីបង្កើនប្រសិទ្ធភាពការងារ​ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន​ និងការផ្តល់សេវាសាធារណៈ។

ជាមួយគ្នានេះលោករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសេីរ ចំពោះការខិតខំប្រឹងប្រែង​ របស់មន្ទីរ ក្នុងការបំពេញការងារជំនាញរបស់ខ្លួន និងបានផ្តល់អនុសាសន៍ឱ្យបន្តថែរក្សា​ ការពារសមិទ្ធផលដែលបានកសាងក្នុងអាណត្តិទី៦​ និងអាណត្តិកន្លងទៅ​ និងត្រូវ​បន្តជំរុញការធ្វេីកំណែទម្រង់​ ព្រមទាំងជំរុញការអភិវឌ្ឍ​ ប​ន្ថែមទៀតតាមការដឹកនាំ​ របស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ត្រី បានអញ្ជើញជាកិត្តិយស​បំពាក់មេដាយ​ដល់មន្ត្រីមន្ទីរ ដែលមានស្នាដៃ​ការងារកន្លងទៅ ព្រមទាំងបានផ្តល់សម្ភារ និងផ្លាកសញ្ញាសុវត្ថិភាព ការដ្ឋានផ្លូវថ្នល់ មានមួកការដ្ឋាន​ អាវចំណាំងផ្លាត​ ម៉ាស៊ីនកាត់ស្មៅ កៅស៊ូត្រជាក់​ Cold Mix ចំនួន ២០០បាវ ដល់មន្ទីរសម្រាប់ប្រើប្រាស់ក្នុងការជួសជុលថែទាំផ្លូវ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ៕