(កណ្ដាល)៖ លោក ម៉ាង ណុល ចៅក្រមស៊ើបសួរ និងលោក អ៊ុន សុវណ្ណធានី តំណាងអយ្យការ បានចោទប្រកាន់ក្រុមយុវជនទាំង៣នាក់ ពីបទជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន មាត្រា៤០, ៤៥ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ប៉ុន្តែក្នុងចំណោម៣នាក់នោះ អវត្តមានម្នាក់ ហើយត្រូវបានកាត់ទោសកំបាំងមុខ។
នេះបើតាមលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល និងលោកសូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់មកកាន់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តនៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
លោក សូ សារិន បានអះអាងថា មានតែមនុស្ស៣នាក់ប៉ុណ្ណោះដែលជាប់ចោទ ហើយ២នាក់មានវត្តមានត្រូវបញ្ចូលទៅពន្ធនាគារ រីឯម្នាក់ទៀតគ្មានវត្តមាន ត្រូវកាត់ទោសកំបាំងមុខ។ រីឯ១១នាក់ទៀត ជាអ្នកប្រើប្រាស់គ្រឿងញៀន។ ពួកគេស្នើសុំទៅបន្សាបគ្រឿងញៀនដោយខ្លួនឯង។ ដូច្នេះតំណាងអយ្យការបានឲ្យបន្សាបគ្រឿងញៀនដោយខ្លួនឯងរួចរាល់ហើយ។
សូមជម្រាបថា ជនត្រូវចោទឈ្មោះ៖
១៖ ទន រាជ្យ ភេទប្រុស អាយុ ២៧ឆ្នាំ(ឃុំខ្លួន)
២៖ ឈ្មោះ ផុន សុផាត ភេទប្រុស អាយុ ៣៦ឆ្នាំ (ឃុំខ្លួន)
៣៖ ឈ្មោះ ងួន សំរិត ភេទប្រុស អាយុ ២៧ឆ្នាំ (គេចខ្លួន) ក្នុងសំណុំរឿង ១៦៥៧ អ.ក។
តាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាមាត្រា៤០ បទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ៖ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ។ក្រៅពីដាក់ទោសនៅពន្ធនាគារ ជនល្មើសអាចនឹងត្រូវពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល ។
មាត្រា៤៥: បទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ៖ជនណាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលស្ថិតក្រុងតារាងទី១ និងតារាងទី ២ តាមគ្រប់រូបភាព និងធ្លាប់ទទួលរងនូវវិធានការព្យាបាលដោយបង្ខំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ ៦ ខែ នឹងអាចត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី១០ ម៉ឺនរៀល ទៅ១លានរៀល។ ក្នុងករណីមិនរាងចាល ត្រូវផ្ដន្ទាទោសពី ៦ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលទៅ ២លានរៀល។
ក្រុមយុវជនទាំងអស់នេះ ត្រូវបាននគរបាលចាប់ខ្លួនកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុច ផ្លូវលំប្រែតាកែវ ភូមិជ័យឧត្តមមួយ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល៕