(ភ្នំពេញ)៖ គ្រឿងញៀនឆ្លងដែនជាង៤គីឡូក្រាម ពីប្រទេសប្រេស៊ីលមកកម្ពុជា ត្រូវមន្ទីរប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបបានកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៧៖៤៥នាទី នៅចំណុចអ្នកដំណើរមកដល់ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។

ប្រតិបត្ដិការនេះ ដោយមន្ទីរប្រឆាំងគ្រឿងញៀន បានចាត់តាំងកម្លាំងការិយាល័យ (ក១) ដឹកនាំសម្របសម្រួលដោយលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើការត្រួតពិនិត្យវ៉ាលីរបស់ជនសង្ស័យ ដែលធ្វើដំណើរ មកពីទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ឆ្លងកាត់ ឌុយបៃ បន្តមកប្តូរជើងហោះហើរនៅម៉ាឡេស៊ី រួចធ្វើដំណើរមក អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងហោះហើរ MH762 ពីម៉ាឡេស៊ី។

លទ្ធផល៖ ឃាត់ខ្លួនជន សង្ស័យម្នាក់ ឈ្មោះ: KAREN CECIA LOPEZ VACA ភេទស្រី ជនជាតិបូលីវី ថ្ងៃខែឆ្នាំកំណើតៈ 23/07/1987 លេខលិខិតឆ្លងដែនៈ TE02364 (BOL) និងចាប់យកវត្ថុតាង៖
ល្បាយគ្រឿងញៀនប្រភេទកូកាអ៊ីន (Cocaine) ទម្ងន់ ៤៣៥៦ក្រាម (គិតទាំងសំបកប្លាស្ទីក និង សាច់ក្រណាត់) បានដកសំណាកបញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីញែកទម្ងន់សុទ្ធ។

ក្នុងការមកកាន់តំណែង ជាអគ្គស្នងការនគរបាលជាតិ នាយឧត្ដមសេនីយ៍ ស ថេត បានថ្លែងថា ឧក្រិនជនគ្រឿងញៀន ត្រូវតែឲ្យមន្ទីរប្រឆាំងគ្រឿងញៀនបោសសម្អាត ហើយនាយកមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ ត្រូវចុះបង្ក្រាបតាមបណ្ដាខេត្ដឲ្យអស់ នូវបញ្ហាគ្រឿងញៀន៕