(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ផ្តល់អាទិភាពខ្ពស់បំផុតចំពោះប្រជាពលរដ្ឋប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
សម្តេចធិបតី បានបញ្ជាក់ថា ឈរលើស្មារតីនេះ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨ ដែលនឹងត្រូវឱ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខ ដើម្បីបង្កលក្ខណៈងាយស្រួល, ព្រមទាំងផ្តល់ប្រយោជន៍, ថែបំប៉ន និងលើកកម្ពស់ការយល់ដឹង ដល់អ្នកប្រកបអាជីវកម្ម, មុខរបរ និងការងារ ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ការចេញមកបញ្ជាក់ជំហរយកចិត្តទុកដាក់លើប្រជាពលរដ្ឋក្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ គឺចំពេលមានប្រតិកម្មពីប្រជាពលរដ្ឋ ក្រោយមានការផ្សព្វផ្សាយពីមន្ត្រីនៅខេត្តបន្ទាយមានជ័យ តម្រូវឱ្យប្រជាពលរដ្ឋជាអាជីវករតូចតាចទៅសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបន្តសុពលភាពអាជីវកម្ម នៅការិយាល័យច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
ទន្ទឹមនឹងប្រតិកម្មរបស់ប្រជាពលរដ្ឋនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចឱ្យផ្អាកការផ្តល់សេវានៅរដ្ឋបាលក្រុង ស្រុក ខណ្ឌលើអាជីវកម្មតូចតាចមួយចំនួនស្ថិតក្រោមវិស័យវប្បធម៌ និងវិចិត្រសិល្បៈ, វិស័យអប់រំ យុវជន និងកីឡា, វិស័យទេសចរណ៍, វិស័យឧស្សាហកម្ម និងសិប្បកម្ម, វិស័យរ៉ែ និងថាមពល, វិស័យពាណិជ្ជកម្ម និងវិស័យកសិកម្ម។
តាមរយៈការសម្រេចនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់នូវស្មារតីគិតគូររបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅលើផលប្រយោជន៍ និងផលលំបាករបស់ប្រជាពលរដ្ឋប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការសម្រេចនេះ បានសម្រាលនូវបន្ទុកចំណាយ និងភាពស្មុគស្មាញរបស់ពួកគេផងដែរ៕