(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គាធិការដ្ឋាន និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។
បន្ទាប់ពីបានស្ដាប់របាយការណ៍សង្ខេបរបស់លោក លាភ សំណាង អគ្គាធិការនៃអគ្គាធិការដ្ឋាន និងលោក ពេជ្រ សេដ្ឋា ទីប្រឹក្សានិងជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ស្តីពីវឌ្ឍនភាពការងារ និងសមិទ្ធផលសម្រេចបាន បញ្ហាប្រឈម និងទិសដៅការងាររបស់អង្គភាពទាំងពីរលើការងារអធិការកិច្ច ការងារកែលម្អ និងពង្រឹងស្ថាប័ន លោករដ្ឋមន្រ្ដីបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញអង្គភាពទាំងពីរដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ។
លោករដ្ឋមន្ត្រីបានផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការដែលមានវត្តមានក្នុងអង្គពិធី ដើម្បីលើកឡើងនូវមតិយោបល់ ក៏ដូចជាសំណូមពរមួយចំនួន រួមមាន៖
* អង្គភាពទាំងពីរត្រូវពង្រឹងការអនុវត្ត និងប្រើប្រាស់ថវិកាកម្មវិធីស្របតាមផែនការសកម្មភាពដែលបានគ្រោងទុកតាំងពីដើមឆ្នាំ។
* ពង្រឹងការងារចុះសវនកម្ម និងអធិការកិច្ច ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងតម្លាភាពរវាងអង្គភាពអនុវត្តគម្រោង និងម្ចាស់មូលនិធិ។
ជាការឆ្លើយតប ទៅនឹងការលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរនានារបស់ថ្នាក់ដឹកនាំ នាឱកាសសំណេះសំណាលនោះ លោករដ្ឋមន្រ្ដីក៏បានយល់ស្របជាមួយអ្វីដែលជាការលើកឡើងរបស់ថ្នាក់ដឹកនាំទទួលបន្ទុក។
ជាមួយនោះ លោករដ្ឋមន្រ្ដីបានបញ្ជាក់ឡើងវិញអំពីកម្មវិធីអាទិភាពទាំង៤ ដែលក្រសួងត្រូវខិតខំសម្រេចឱ្យបាន រួមមាន៖
* អភិវឌ្ឍហេដ្ឋារចនាសម្ពន្ធរូបវន្ត និងគមនាគមន៍ប្រទាក់ក្រឡា ធានាបាននូវតំបន់ជនបទសមាហរណកម្ម និងដើម្បីជំរុញសរសៃឈាមនៃកំណើនសេដ្ឋកិច្ចដល់ទីជនបទ។
* កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលដៅឱ្យប្រជាជននៅជនបទមានការផ្លាស់ប្តូឥរិយាបទរស់នៅប្រកបដោយផាសុកភាព និងអនាម័យ។
* ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ។
* ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដើម្បីពង្រឹងស្ថាប័ន ក្នុងគោលដៅបម្រើប្រជាជននៅជនបទដោយសុចរិត និងទទួលខុសត្រូវខ្ពស់។
លោករដ្ឋមន្រ្ដីក៏បានផ្ដល់នូវអនុសាសន៍ណែនាំ និងផ្តាំផ្ញើជូនដល់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្ត្រីរាជការក្រោមឱវាទអង្គភាពទាំងពីរ ដូចខាងក្រោម៖
១. មន្រ្ដីនៃអង្គភាពទាំងពីរត្រូវបន្ដខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនដែលមានស្រាប់ ដើម្បីសម្រេចជោគជ័យបន្ថែមទៀតសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យ «ឆ្នាំ២០៣០ កម្ពុជាជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់»។
២. ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពទាំងពីរត្រូវគោរពវិន័យ របៀបរបបធ្វើការ កំណត់របបប្រជុំតាមដាន និងត្រួតពិនិត្យជាប្រចាំខែ ត្រីមាស ឆមាសឱ្យបានទៀងទាត់ និងត្រូវរាយការណ៍ និងសុំយោបល់ឱ្យបានទាន់ពេលវេលា។
៣. ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយយកចិត្តទុកដាក់លើសុខទុក្ខរបស់មន្រ្ដីរាជការមានជំងឺ មន្រ្ដីរាជការមានពិការភាព ជាពិសេសមន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ តាមរយៈការលើកទឹកចិត្ត និងការអនុគ្រោះពេលវេលាបំពេញការងារ ជាពិសេសថ្នាក់ដឹកនាំត្រូវគិតគូរពីការលើកទឹកចិត្តតាមរយៈការដំឡើងឋានន្តរសក្តិ និងថ្នាក់ ការផ្ដល់គ្រឿងឥស្សរិយយស ឬការផ្ដល់បណ្ណសរសើរជាដើម៕