(បន្ទាយមានជ័យ)៖ ស្ត្រីម្នាក់រស់នៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឈ្មោះ អ៊ុត គឹមអេង មានគណនីហ្វេសប៊ុក «OT Thailand» បានបង្ហាញក្តីរីករាយឥតឧបមាបន្ទាប់ពីទទួលបានដីរបស់ខ្លួនត្រឡប់មកវិញ ក្រោមកិច្ចអន្តរាគមន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
បើតាមការរៀបរាប់របស់ស្ត្រីឈ្មោះ អ៊ុត គឹមអេង បានឱ្យដឹងថា អ្នកស្រី និងគ្រួសារ តែងទៅរស់នៅ និងរកសុីក្នុងប្រទេសថៃ និងមានម្ដាយជរានៅចាំផ្ទះ និងដីចំការប្រមាណជាង៣០អានៅក្បែរភូមិដ្ឋាន។ ដីនេះម្ដាយអ្នកស្រីដាំដំណាំអាស្រ័យផលរៀងរាល់ឆ្នាំផងដែរ។ ជាអកុសលម្ដាយនាង បានទទួលមរណភាពកាលពីឆ្នាំ២០២១។
ក្រោយម្ដាយស្លាប់ស្រាប់តែដីចំការរបស់អ្នកស្រីដែលម្ដាយធ្លាប់ដាំដំឡូងរាល់ឆ្នាំប្រែក្លាយជាកម្មសិទ្ធអ្នកដទៃ ដោយគេបែងចែកចេញជាបីប័ណ្ណកម្មសិទ្ធកាន់កាប់ដោយអ្នកថ្មីបីនាក់ទៅវិញ។
អ្នកស្រី អ៊ុត គឹមអេង បានរៀបរាប់ទៀតថា អ្នកស្រីខំព្យាយាមប្ដឹងតាមរយៈភូមិឃុំអស់រយៈពេលពីរឆ្នាំ ដេីម្បីទាមទារកយុត្តិធម៌យកដីកេរ្ត៍ម្ដាយមកវិញ តែអាជ្ញាធរមូលដ្ឋានអសមត្ថភាពក្នុងការផ្ដល់យុត្តិធម៌។ ការសម្របសម្រួលរបស់លោកមេឃុំ គឺឱ្យអ្នកស្រីបែងចែកដីនោះ ជាពីរចំណែកស្មេីគ្នាជាមួយអ្នកបន្លំកាន់កាប់ថ្មី តែអ្នកស្រីមិនសុខចិត្តតាមការកាត់សេចក្ដីនេះទេ ហេីយក៏ចេះតែបន្តការតវ៉ាទៀត និងបានផ្សព្វផ្សាយដំណឹងនេះតាមរយៈបណ្ដាញទំនាក់ទំនងសង្គម។
ព័ត៌មានក៏បានជ្រាបដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយសម្តេចបានចាត់ឱ្យលោក ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រី ចុះដោះស្រាយរឿងនេះដែលជារឿងទំនាស់មួយនៅក្នុងចំណោមរឿង២១ករណី នៅឃុំអូរបីជាន់។
ជាលទ្ធផលត្រឹមពេលមួយថ្ងៃប៉ុណ្ណោះ លោក ប៉ាន់ ខែមប៊ុនថន បានរកឃើញការពិត ហើយជួយឱ្យអ្នកស្រី អ៊ុត គឹមអេង ទទួលបានយុត្តិធម៌ បានដីកេរម្ដាយត្រឡប់មកវិញ។
ជាមួយការទទួលបានយុត្តិធម៌ត្រឡប់មកវិញនេះ អ្នកស្រី អ៊ុត គឹមអេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានចេញមកស្វែងរកយុត្តិធម៌ជូនអ្នកស្រី។
អ្នកស្រី បានគូសរំលេចលើទំព័រហ្វេសប៊ុករបស់អ្នកស្រីបែបនេះ «ថ្ងៃនេះ នាងខ្ញុំបានទទួលប្លង់ដីថ្មី លើដីចាស់នាងខ្ញុំវិញហើយ។ នាងខ្ញុំពិតជារំភើប និងសប្បាយចិត្ត រកអ្វីប្រៀបផ្ទឹមមិនបាន។ យុត្តិធម៌មានហើយ យុត្តិធម៌ពិតជាមានសម្រាប់ប្រជាពលរដ្ឋទន់ខ្សោយដូចនាងខ្ញុំ។ រស់នៅក្រោមម្លប់សន្ដិភាព ទុក្ខប្រជារាស្រ្ដ ក៏ដូចជាទុក្ខថ្នាក់ដឹកនាំ...»។
អ្នកស្រី គឹមអេង បន្តថា «កន្លងមក នាងខ្ញុំធ្លាប់យំ ឈឺចាប់រីងរៃរាប់ខែ រហូតដល់ឆ្នាំ ដោយសាររឿងដីធ្លី ដែលអតីតស្មៀនឃុំ និងអតីតអនុភូមិ ឃុបឃិតគ្នាបំពានយកទៅលក់បន្ដ ក្រោយពីម្ដាយនាងខ្ញុំបានស្លាប់»។
អ្នកស្រី គឹមអេង ក៏បានថ្លែងអំណរគុណ លោក ប៉ាន់ ខែមប៊ុនថន ដែលបានចុះជួយដោះស្រាយបញ្ហាដីរបស់អ្នកស្រីក្រៅប្រពន្ធ័ច្បាប់ តាមនយោបាយឈ្នះឈ្នះ។ អ្នកស្រី បានបញ្ជាក់ថា «បើគ្មានការដោះស្រាយនេះ មិនដឹងជានាងខ្ញុំយំ ឈឺចាប់ រីងរៃដល់ពេលណា...??? ហើយក៏មិនដឹងថា នៅមានជនរងគ្រោះប៉ុន្មាននាក់ទៀតដែលឈឺចាប់ដូចរូបនាងខ្ញុំ»។
ទន្ទឹមនឹងការថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយនោះ អ្នកស្រី គឹមអេង បានបួងសួងដល់វត្ថុស័ក្កសិទ្ធិទូរទាំងប្រទេសកម្ពុជា តាមជួយបីបាច់ថែរក្សាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱ្យជួបតែសេចក្ដីសុខ មានសុខភាពរឹងមាំជាម្លប់សន្តិភាពដល់ពលរដ្ឋខ្មែរទូរទាំងប្រទេសកម្ពុជា៕