(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់លោក លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត រួមមាន៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំផ្នែកឯកជនសំខាន់ៗជាច្រើនរូប របស់កម្ពុជា។
បើតាមក្រសួងការបរទេស, ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសម្តែងការគួរសមដោយឡែកពីគ្នាជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និង លោក ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន។ កិច្ចពិភាក្សានឹងផ្លាស់ប្តូរទស្សនៈលើប្រធានបទមួយចំនួន រួមមានការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងកិច្ចការតំបន់និងអន្តរជាតិដែលផ្ដល់ផលប្រយោជន៍រួម។
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក លី ឈាង អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្រ្តីទាំងពីរក៏នឹង អញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនផងដែរ។ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញ ចូលរួមពិព័រណ៌ អាស៊ាន-ចិន លើកទី២០ នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីងតំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី។
បច្ចុប្បន្ន ចិនគឺជាមហាអំណាចសេដ្ឋកិច្ចលេខ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកដែលឈរនៅលេខ១។ ចិន ឬមានឈ្មោះផ្លូវការថាសាធារណរដ្ឋប្រជាមានិតចិន។ សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៤៩ ក្រោយគណបក្សកុម្មុយនិស្ដរបស់លោកប្រធាន ម៉ៅ សេទុង បានយកឈ្នះនៅក្នុងសង្រ្គាមស៊ីវិល លើ ក្រុមអ្នកជាតិនិយមគួរមិញតាងដឹកនាំដោយលោក ចាង ខៃជៀក ដែលបានរត់ទៅបង្កើតរដ្ឋាភិបាលនៅកោះតៃវ៉ាន់។ ប៉ុន្តែ ចិនចាត់ទុកថាតៃវ៉ាន់ គឺគ្រាន់តែជាខេត្តមួយ របស់ខ្លួនតែប៉ុណ្ណោះ ហើយថានឹងមិនស្ទាក់ស្ទើរឡើយក្នុងការប្រើកម្លាំងយោធាដើម្បីបង្រួបបង្រួមជាមួយតៃវ៉ាន់។ ខាងក្រោមនេះគឺជាប្រវត្តិសង្ខេបត្រួសៗ ពីប្រទេសចិន៖
* ចិន៖ មានឈ្មោះផ្លូវការថាសាធារណរដ្ឋប្រជាមានិតចិន
* មានរដ្ឋធានី៖ ប៉េកាំង
* មានផ្ទៃដីសរុប៖ ៩,៥៩៦,៩៦១ គីឡូម៉ែត្រក្រឡា
* មានប្រជាជនសរុប៖ ១.៤១ពាន់លាននាក់ (បើតាម UN បច្ចុប្បន្នឥណ្ឌាជាប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោក)
* ភាសា៖ ចិន ម៉ុងហ្គោលី អ៊ុយហ្គ័រ និងទីបេ
* អត្រាសង្ឃឹមរស់៖ មនុស្សប្រុស ៧៤ឆ្នាំ និងមនុស្សស្រី ៧៩ឆ្នាំ
* មេដឹនាំ
លោក ស៊ី ជិនពីង គឺជាអគ្គលេខាធិការបក្សកម្មុយនិស្ដចិន និងជាប្រធានាធិបតីនៃសាធាណរដ្ឋប្រជាមានិតចិនចាប់តាំងពីឆ្នាំ២០១៣ មកទល់នឹងបច្ចុប្បន្ន ពោលគឺ ៣អាណត្តិជាប់ៗគ្នា ដែលធ្វើឱ្យលោកក្លាយជាមេដឹកនាំចិន មានអំណាចបំផុតចាប់តាំងពីសម័យលោក ម៉ៅ សេទុងមក។
* ទីតាំងភូមិសាស្ត្រ
ចិនមានផ្ទៃដីសរុប ៩,៥៩៦,៩៦១ គីឡូម៉ែត្រក្រឡា ដោយលាតសន្ធឹងប្រវែង ៥,០០០គីឡូម៉ែត្រ ពីកើតទៅលិច និង ៥,៥០០គីឡូម៉ែត្រ ពីជើងទៅត្បូង។ ដែនដីរបស់ចិន មានដូចជា តំបន់ភ្នំ តំបនទំនាប វាលខ្សាច់រហោស្ថាន និងតំបន់ព្រៃភ្នំ ហើយមួយភាគបីនៃផ្ទៃដីគោករបស់ចិន គឺហ៊ុមព័ទ្ធដោយភ្នំ។ ចិនមានទន្លេរាប់ពាន់ ក្នុងនោះទន្លេយ៉ងសេ និងទន្លេលឿង គឺមានសារៈសំខាន់ជាងគេបំផុត។ ទន្លេយ៉ង់សេមានប្រវែងបណ្ដោយ ៦,៣០០គីឡូម៉ែត្រ ដែលធ្វើឱ្យវាក្លាយជាទន្លេវែងជាងគេបំផុតជាប់ចំណាត់ថ្នាក់លេខ ៣នៅលើពិភពលោក។
ចិនមានខេត្តចំនួន២៣ តំបន់ស្វយ័តចំនួន៥ និងទីក្រុងស្វយ័តចំនួន៤ ដូចជា ប៉េកាំង ធៀនជីន សៀងហៃ និងឈុងជីង ព្រមទាំងតំបន់រដ្ឋបាលពិសេសចំនួន២ គឺហុងកុង និងម៉ាកាវ ខណៈតៃវ៉ាន់ ត្រូវបានចិនចាត់ទុកថាជាខេត្តមួយរបស់ខ្លួនដែរ។
* សេដ្ឋកិច្ច
ចិនគឺជាមហាអំណាចសេដ្ឋកិច្ចលេខ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិកដែលឈរនៅលេខ១។ វិស័យសំខាន់ៗរបស់ចិន រួមមានឧស្សាហកម្មដែលតំណាងឱ្យជាង ៤០.៥ភាគរយនៃ GDP, សេវាកម្ម (តំណាងឱ្យ៥១.៦ភាគរយ នៃGDP) ព្រមទាំងហិរញវត្ថុ អចលនទ្រព្យ បច្ចេកវិទ្យា កសិកម្ម និងពាណិជ្ជកម្មលក់ដុំលក់រាយជាដើម។ ក្នុងឆ្នាំ២០២២ GDP សរុបរបស់ចិនគឺ ១៨.៣២១ទ្រីលានដុល្លារ រីឯ GDP សរុបក្នុងប្រជាជនម្នាក់ក្នុងមួយឆ្នាំគឺ ១២,៩៧០ដុល្លារ។
* កាលបរិច្ឆេទប្រវត្តិសាស្ត្រសំខាន់ៗរបស់ចិនក្នុងសម័យទំនើប
ឆ្នាំ១៩១១ ដល់ឆ្នាំ១៩១២៖ ការធ្វើរដ្ឋប្រហារយោធាបះបោរប្រឆាំងនឹងរបបរាជានិយមចិន នាំឱ្យមានការប្រកាសពីការបង្កើតសាធារណរដ្ឋចិន ដឹកនាំដោយលោក ស៊ុន យ៉ាត់សេន។
ឆ្នាំ១៩៤៩៖ មេដឹកនាំកុម្មុយនិស្ដចិន លោក ម៉ៅ សេទុង បានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
ឆ្នាំ១៩៥៨ ដល់ឆ្នាំ១៩៦០៖ «គោលនយោបាយមហាលោតផ្លោះ» របស់លោក ម៉ៅ សេទុង ត្រូវបានបោះបង់ចោលក្រោយប្រជាជនរាប់លាននាក់បានស្លាប់។
ឆ្នាំ១៩៦៦ ដល់ឆ្នាំ១៩៧៦៖ បដិវត្តន៍វប្បធម៌ បានធ្វើឱ្យសង្គមចិនជួបវិបត្តិទាំងសេដ្ឋកិច្ច សង្គម និងនយោបាយ។
ឆ្នាំ១៩៧៦៖ លោក ម៉ៅ សេទុង ទទួលមរណភាព ហើយពីឆ្នាំ១៩៧៧ លោក តេង ស៊ាវពីង បានក្លាយជាមេដឹកនាំចិន និងជាបិតាកំណែទម្រង់សេដ្ឋកិច្ចងាកទៅរកទីផ្សារសេរី។
ឆ្នាំ១៩៨៩៖ ព្រឹត្តិការណ៍បាតុកម្មតវ៉ារបស់និស្សិតចិន នៅទីលាន Tiananmen ក្នុងទីក្រុងប៉េកាំង
ឆ្នាំ២០១០៖ ចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខ២ នៅលើពិភពលោក ដោយទម្លាក់ជប៉ុនឱ្យមកឈរនៅលេខ៣វិញ
ឆ្នាំ២០១៣៖ លោក ស៊ី ជិនពីងក្លាយជាប្រធានាធិបតីចិន៕