(ភ្នំពេញ)៖ តាមរយៈគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង អង្គការសម្ព័ន្ធមិត្តសត្វព្រៃ រួមជាមួយក្រសួងបរិស្ថាន បានជួយដល់ជនជាតិដើមភាគតិច និងប្រជាសហគមន៍មូលដ្ឋានខេត្តកោះកុងជាង ២០០០គ្រួសារ ដែលមានដូចជា ការជួយឱ្យមានជីវភាពរស់នៅប្រកបដោយនិរន្តរភាព ទឹកស្អាត ផ្លូវថ្នល់ បង្គន់អនាម័យ និងរហូតដល់ជួយឱ្យបានសិក្សាថ្នាក់សាកលវិទ្យាល័យថែមទៀតផង។

អត្ថប្រយោជន៍ទាំងអស់នេះ ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងការស្នើសុំ និងធាតុចូលរបស់អ្នកភូមិរស់នៅតាមជនបទក្នុងខេត្តកោះកុង។

«រេដបូក» សំដៅលើកម្មវិធីកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ដែលបណ្ដាលមកពីការបាត់បង់ និងរេចរឹលព្រៃឈើ។ គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ដឹកនាំដោយក្រសួងបរិស្ថាន និងអនុវត្តដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចាប់តាំងពីឆ្នាំ២០១៥ មកម្ល៉េះ។ គម្រោងនេះបង្កើតប្រាក់ចំណូលបានពីការលក់ឥណទានកាបូន ដែលមួយផ្នែកធំនៃប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុសម្រាប់ទ្រទ្រង់ជីវភាពសហគមន៍មូលដ្ឋាន និងអភិរក្សធនធានធម្មជាតិ។

បើប្រៀបធៀបកាលពីមុន អ្នកភូមិត្រូវដើរចម្ងាយជាង ៥គីឡូម៉ែត្រដើម្បីទទួលបានទឹកដែលកខ្វក់។ តែបច្ចុប្បន្ននេះមានអណ្តូងទឹក ដើរ ដោយ ថាមពល សូឡាចំនួន ៩៤កន្លែង ដែលបានផ្តល់ទឹកស្អាតប្រើប្រាស់ដោយងាយស្រួល ជូនប្រជាពលរដ្ឋជាង ១,៨០០គ្រួសារ។ ផ្លូវចំនួន ៥ខ្សែដែលមានប្រវែង ៥គីឡូម៉ែត្រ និងវែងជាងនេះ ត្រូវបានសាងសង់ឡើងដើម្បីឱ្យការធ្វើដំណើរចូលទៅកាន់ទីផ្សារពីភូមិដាច់ស្រយាលមានភាពងាយស្រួលជាងមុន។

ផ្នែកអនាម័យក៏មានភាពប្រសើរជាងមុន តាមរយៈការផ្តល់ជូននូវបង្គន់អនាម័យចំនួន ៧៤កន្លែងក្នុងទូទាំងខេត្ត។ ចំណែកផ្នែកអប់រំក៏មានការអភិវឌ្ឍ ដោយសាលាមួយខ្នងត្រូវបានសាងសង់ឡើងសម្រាប់សិស្សបឋមសិក្សា ហើយសិស្សចំនួន ១៦នាក់ ដែលមកពីគ្រួសារក្រីក្រ ឬជាកុមារកំព្រា បានទទួលអាហារូបករណ៍ពេញលេញដើម្បីសិក្សានៅសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ។ ឥឡូវនេះប្រជាពលរដ្ឋជិត ៥០០ គ្រួសារ ទទួលបានជីវភាពរស់នៅប្រកបដោយនិរន្តរភាពតាមរយៈសហគមន៍ អេកូទេសចរណ៍ធម្មជាតិ ដូច្នេះហើយពួកគាត់មិនចាំបាច់ពឹងផ្អែកលើព្រៃឈើដើម្បីរកប្រាក់ចំណូលទៀតនោះទេ។

មុនពេលគម្រោងនេះត្រូវបានអនុវត្ត អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការប្រជុំពិគ្រោះយោបល់ និងចុះសិក្សាជាបន្តបន្ទាប់ ដើម្បីស្វែងយល់ពីតម្រូវការរបស់អ្នកភូមិ ទទួលសំណូមពរ និងការស្នើសុំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងលើកកម្ពស់ជីវភាពរស់នៅ។ បន្ទាប់ពីផែនការត្រូវបានបង្កើតឡើងដោយមានការសម្របសម្រួលពីជនជាតិដើមភាគតិចនិងពីប្រជាសហគមន៍មូលដ្ឋាន និងអាជ្ញាធរមូលដ្ឋាន ការយល់ព្រមឯកភាពពីប្រជាពលរដ្ឋនេះត្រូវបានដាក់ជូនតាមរយៈមេភូមិ មុនពេលគម្រោងចាប់ផ្តើម។ ប្រអប់សំបុត្របណ្ដឹង តវ៉ាក៏ត្រូវបានដំឡើងនៅតាមតំបន់ និងទីតាំងដែលមានភាពអព្យាក្រឹត និងងាយស្រួលទៅដល់ ដូចជាសាលាឃុំ ឬផ្ទះមេភូមិ ដែលជនជាតិដើមភាគតិចនិងប្រជាសហគមន៍មូលដ្ឋានអាចយកបណ្តឹង តវ៉ា និងសំណូមពររបស់ពួកគាត់ទៅទម្លាក់បានយោងដំណើរការឆ្លើយតបមតិត្រឡប់ និងដោះស្រាយបណ្ដឹង តវ៉ាដែលមានស្រាប់។

លោក ស៊ី ស៊ីថា មកពីឃុំជីផាត ខេត្តកោះកុង បានថ្លែងថា៖ «អាស្រ័យដោយមានគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង គណៈកម្មាធិការមួយត្រូវបានបង្កើតឡើង ហើយឥឡូវនេះយើងទទួលបានទឹកស្អាតហូរចូលដល់ផ្ទះរបស់យើងតែម្ដងដែលបូមចេញពីអណ្តូងទឹក។ គណៈកម្មការនេះ ត្រូវធានាថាទឹកត្រូវបានប្រើប្រាស់ដោយសន្សំសំចៃ ដើម្បីឱ្យគ្រួសារទាំងអស់អាចទទួលបានអត្ថប្រយោជន៍ដូចគ្នា។ ចាប់ពីពេលនេះទៅ យើងត្រូវបន្តការពារតំបន់ជួរភ្នំក្រវាញរបស់យើងដើម្បីរក្សាប្រភពទឹក»

ទិត្យ សួរ ជានិស្សិតអាហារូបករណ៍ជនជាតិដើមភាគតិចជង ពីតំបន់ឆាយអារ៉ែង បានលើកឡើងថា «ការទទួលបានការសិក្សា ជាពិសេសតាមរយៈអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដែលទទួលបានពីគម្រោងរេដបូក បានជួយឱ្យខ្ញុំអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនឱ្យមានអនាគតល្អនិងវែងឆ្ងាយសម្រាប់ខ្ញុំក៏ដូចជាសម្រាប់គ្រួសាររបស់ខ្ញុំតទៅអនាគត»៕