(ភ្នំពេញ)៖ អាណាព្យាបាលនិស្សិតម្នាក់បានរិះគន់លោក អ៊ុន សក្កដា សាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ថា ជាមនុស្សគ្មានមនោសញ្ចេតនា និងពាក្យសម្ដីមិនសមរម្យខ្វះសីលធម៌ ដូចជំនាន់ប៉ុលពត ដែលមិនសក្ដិសមជាអ្នកអប់រំសិស្សឬនិស្សិត នោះឡើយ។
អាណាព្យាបាលនិស្សិត ឈ្មោះ រិទ្ធ មេត្តាអនុជ បានរៀបរាប់ថា និស្សិតរូបនេះមានជំងឺភ្នែកធ្ងន់ធ្ងរ ដែលទាមទារការព្យាបាលរយៈពេលយូរ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី និស្សិតរូបនេះបានតស៊ូទៅរៀន ដើម្បីបញ្ចប់ថ្នាក់ឆ្នាំទី២ ដើម្បីឈានទៅថ្នាក់ឆ្នាំទី៣ នៅសាលាច្បាប់នេះ។
ដោយសារស្ថានភាពជំងឺមានភាពមិនទៀងទាត់ ធ្វើឲ្យការសិក្សារៀនសូត្រមានបញ្ហាខ្លះៗ ពោលគឺពេលជំងឺមានសភាពធូរស្រាល ក៏បានទៅរៀនជាធម្មតា ហើយពេលជំងឺធ្វើទុក្ខ ដូចជា ស្រវាំងភ្នែក ឬ ឈឺចុកចាប់ភ្នែកខ្លាំងពេក ក៏ពុំបានទៅរៀនជាប់លាប់ទេ ទើបដាក់ពាក្យសុំច្បាប់ទៅគ្រូប្រចាំថ្នាក់ តែលោកគ្រូ អ៊ុន សក្កដា គឺជាមនុស្សគ្មានមនោសញ្ចេតនា ទាល់តែសោះ គឺ គិតតែចុះបញ្ជីអវត្តមានគ្មានច្បាប់ ជារៀងរហូត ដោយពុំមានការយោគយល់ និស្សិតដែលកំពុងមានជំងឺឡើយ។
តាមបទបញ្ជាផ្ទៃក្នុងបានកំណត់ថា និស្សិតអវត្តមាន៦ដង អាចប្រឡងសងបាន តែ៧ដងឡើងទៅមិនអាចប្រឡងសង បានទេ ពោលគឺ ត្រូវរៀនសង ឆ្នាំក្រោយវិញ។ ក្នុងនោះ និស្សិត រិទ្ធ មេត្តាអនុជ អវត្តមានចំនួន៧ដង ដោយសារតែលោក អ៊ុន សក្កដា មិនទទួលយកលិខិតសុំច្បាប់ទេ ទោះជាមានមូលហេតុជំងឺក៏ដោយ ហើយនៅពេលនិស្សិត រិទ្ធ មេត្តាអនុជ ទៅអង្វរ ដើម្បីប្រឡងសងវិញនោះ បែរជាត្រូវលោក អ៊ុន សក្កដា ប្រើពាក្យសម្តីមិនសមរម្យ បែបអសីលធម៌ និងបដិសេធការស្នើសុំប្រឡងសងវិញ របៀបដាច់ខាតដូចជំនាន់ប៉ុលពត ក្នុងអំឡុងឆ្នាំ១៩៧៥ យ៉ាងដូច្នោះដែរ។
យោងតាមសកម្មភាពបែបនេះ អាណាព្យាបាលនិស្សិត រិទ្ធ មេត្តាអនុជ បានសំណូមពរដល់សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ជួយពិនិត្យមើលករណីនេះផង ដើម្បីឲ្យប្រាកដថា វិស័យអប់រំនៅកម្ពុជា គ្មានមនុស្សដូចលោក អ៊ុន សក្កដា ដែលគ្មានសីលធម៌ គ្មានមនោសញ្ចេតនា ដែលមិនសក្ដិសមធ្វើជាសាស្ត្រាចារ្យ នៅសាលាច្បាប់តទៅទៀតទេ។
អាណាព្យាបាលបានបញ្ជាក់ជូនបន្ថែមថា និស្សិត រិទ្ធ មេត្តាអនុជ ភេទស្រី មានទីលំនៅក្នុងខណ្ឌដង្កោ ដែលជិះម៉ូតូរយៈពេលជាងមួយម៉ោង ទើបដល់សាលាច្បាប់។ ចំណែកឪពុកទៀតសោត ជាមន្ត្រីនគរបាលចូលនិវត្តន៍ បានតស៊ូខិតខំរកលុយកាក់ឲ្យកូនរៀនសូត្រទាំងលំបាក បែរជាលោក អ៊ុន សក្កដា គ្មានមេត្តាធម៌ បន្តិចណាសោះ ដូចជាមនុស្សរស់នៅជំនាន់ប៉ុលពត យ៉ាងដូច្នេះដែរ៕