(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារបច្ចេកទេសចម្រុះវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានផ្តល់អនុសាសន៍១០ចំណុច ទៅកាន់អ្នកពាក់ព័ន្ធឱ្យប្រឹងប្រែងរួមគ្នាអនុវត្តន៍ ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដែលជាបញ្ហាប្រឈមមួយនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន។
នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានអញ្ជើញជួបសំណេះសំណាលជាមួយដៃគូអភិវឌ្ឍន៍នៅក្នុងក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ នៅក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធផងដែរ។
លោកទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានគូសរំលេចថា វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។
ក្នុងពិធីនោះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងនូវបញ្ហាមួយចំនួន ដែលជះឥទ្ធិពលអវិជ្ជមាន លើស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ បើតាមលោកទេសរដ្ឋមន្ត្រី បញ្ហាដែលជះឥទ្ធិពលអវិជ្ជមានលើសន្តិសុខស្បៀង និងអាហារូបត្ថម្ភនេះ មានដូចជាសន្ទុះនៃការអភិវឌ្ឍទីក្រុងយ៉ាងលឿន ការធ្វើចំណាកស្រុក ការរីករាលដាលសកល នៃជំងឺកូវីដ១៩ ការប្រែប្រួលអាកាសធាតុ ការបំរែបំរួលប្រជាសាស្រ្ត និងការរីកចម្រើន ផ្នែកសេដ្ឋកិច្ច និងសង្គម។
សម្រាប់លោកទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បញ្ហាខាងលើនេះ ក៏បានធ្វើប្រជាជនប្រឈមបញ្ហាថ្មីៗ ដែលបង្កការគំរាមកំហែងដល់សុខភាព និងសក្កានុពលនៃកំណើនសេដ្ឋកិច្ច ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ។
«ប្រសិនបើគ្មានការយកចិត្តទុកដាក់លើសុខភាព សន្តិសុខស្បៀង និងអាហារូបត្ថម្ភនោះទេ ផលលាភដែលបានមកពីការអភិវឌ្ឍសេដ្ឋកិច្ចនឹងត្រូវធ្លាក់ចុះ ដោយសារការខាតបង់ ដែលមិនអាចមើលរំលងពីបញ្ហាកង្វះអាហារូបត្ថម្ភ និងបន្ទុកចំណាយលើការថែទាំ និងព្យាបាលជំងឺមិនឆ្លងនានា ដូចជាជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង។ល។ ជាដើម»។ នេះជាការគូសរំលេចរបស់លោកទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៏នានា បណ្តាលប្រទេសក្នុងតំបន់និងសកលលោក អង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភឱ្យកាន់តែមានភាពរឹងមាំ ធន់នឹងការប្រែប្រួលអាកាសធាតុ វិបត្តិ និងបញ្ហាប្រឈមផ្សេងៗ តាមរយៈការជំរុញឱ្យប្រព័ន្ធស្បៀងឆ្ពោះទៅរកការអភិវឌ្ឍបៃតង។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឺះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលក្នុងនោះក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ដែលជាប្រធានក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ មានភារកិច្ចចូលរួមអនុវត្តកម្មវិធីអទិភាពមួយចំនួននៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នេះ ពិសេសបញ្ចកោណទី១ មុំទី៣ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការពង្រឹងប្រព័ន្ធស្បៀងដែលផ្តល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់មនុស្សគ្រប់រូប និងបញ្ចកោណទី៤ មុំទី៣ការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ។
ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភនេះ លោកទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានដាក់ចេញនូវអនុសាសន៍ចំនួន១០ដូចខាងក្រោម៖
ទី១៖ ស្នើឱ្យអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលជាលេខាធិការដ្ឋាន នៃក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ បន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីស្វែងរកថវិកាអនុវត្តផែនការសកម្មភាពអាទិភាពនៅក្នុងផែនទីបង្ហាញផ្លូវស្តីពីផែនការសកម្មភាពសកល ដើម្បីឆ្លើយតបចំពោះបញ្ហាស្គមស្គាំងរបស់កុមារឱ្យមានប្រសិទ្ធភាព។
ទី២៖ ស្នើឱ្យអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សហការជាមួយស្ថានទូតសហព័ន្ធអាល្លឺម៉ង់នៅកម្ពុជា អង្គការ GIZ គម្រោង MUSEFO ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីការពារគម្រោងប្រព័ន្ធស្បៀងដែលបន្សុាំទៅនឹងការប្រែប្រួលអាកាសធាតុ (Climate Adaptive Food Systems) នៅក្នុងកិច្ចចរចាររវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ថអាល្លឺម៉ង់ដែលគ្រោងធ្វើនៅប្រទេសអាល្លឺម៉ង់នាខែតុលាឆ្នាំ២០២៣ខាងមុខ។
ទី៣៖ ស្នើឱ្យអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល ដើម្បីរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣ ឆ្នាំ២០២៤ ដល់២០២៨ ឱ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកៀរគររកថវិកា ដើម្បីអនុវត្តយុទ្ធសាស្រ្តនេះ។
ទី៤៖ លោក សុខ ស៊ីឡូ ក្នុងមានជាជនបង្គោលនៃចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា និងជាអ្នកកោះប្រជុំថ្នាក់ជាតិស្តីពីប្រព័ន្ធស្បៀង ត្រូវបន្តពង្រឹងកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ បណ្តាញប្រទេសផ្តល់ជំនួយ បណ្តាញអង្គការសហប្រជាជាតិ បណ្តាញធុរកិច្ច និង បណ្តាញសម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភនៅកម្ពុជា តាមរយៈការចូលរួមក្នុងកម្មវិធីនានា ស្តីពីប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ ដើម្បីលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ។
ទី៥៖ បន្តពង្រីក និងពង្រឹងការទទួលបានសេវាសុខភាព និងសេវាអាហារូបត្ថម្ភ តាមរយៈការលើកកម្ពស់ការផ្តល់ចំណេះដឹងដល់អ្នកប្រើប្រាស់ ការផ្លាស់ប្តូរទំលាប់រស់នៅ ការអប់រំ លើកកម្ពស់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ និងការកែប្រែឥរិយាបថរស់នៅប្រកបដោយអនាម័យល្អ និងពង្រឹងប្រព័ន្ធស្បៀង ប្រព័ន្ធសុខាភិបាល ប្រព័ន្ធអប់រំ និងប្រព័ន្ធគាំពារសង្គម ដើម្បីឆ្លើតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការឡើងថ្លៃទំនិញ និងម្ហូបអាហារ។
ទី៦៖ បន្តពង្រឹងអភិបាលកិច្ចលើប្រព័ន្ខស្បៀងទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយសហការជាមួយតួអង្គពាក់ព័ន្ឋនានា ដើម្បីពង្រឹងប្រព័ន្ធស្បៀងមួយឱ្យកាន់តែមានភាពរឹងមាំ ឆ្លាតវៃ ធន់ បរិយាបន្ន ផ្តល់នូវរបបអាហារសុខភាព និងអាហារូបត្ថម្ភ។
ទី៧៖ បន្តពង្រឹង និងកសាងសមត្ថភាព របស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ រាជធានី ខេត្ត និងបញ្ជ្រាបការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ទៅក្នុងផែនការអភិវឌ្ឍន៏ និងផែនការវិនិយោគឃុំ សង្កាត់។
ទី៨៖ រៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងវេទិកាសន្តិសុខស្បៀង និងអាហារូបត្ថម្ភឱ្យបានទៀងទាត់ ដើម្បីចែករំលែកបទពិសោធន៏ និងចំណេះដឹង និងពិភាក្សាលក្ខណៈបច្ចេកទេសលើការងារសន្តិសុខស្បៀង និងអាហារូត្ថម្ភ ការងារកសិកម្ម និងអភិវឌ្ឍន៍ជនបទ។
ទី៩៖ ចូលរួមរៀបចំទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក នៅថ្ងៃទី៧ ខែមិថុនា និងរៀបចំទិវាជាតិអាហារូបត្ថម្ភ នៅថ្ងៃទី៦ ខែវិឆ្ជិកា ជារៀងរាល់ឆ្នាំ។
ទី១០៖ រៀបចំ និងអនុវត្តគម្រោងសាកល្បងមួយចំនួនទាក់ទងការងារកសិកម្ម និងការអភិវឌ្ឍជនបទ៕