(ភ្នំពេញ)៖ កុមារី អាត ស្រីនុ ដែលមានបញ្ហាពោះវៀនធំ ត្រូវបានវះកាត់បិទប្រហោង​ពោះ​វៀន និងដោះពោះវៀនដែលប្រទាក់គ្នា ដើម្បីទាញភ្ជាប់មករន្ធគូទវិញ ដោយជោគជ័យហើយ​។

លោកវេជ្ជបណ្ឌិត គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ឆាកម្ពុជា បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា បន្ទាប់ពីការសម្រាកនៅមន្ទីរពេទ្យ និងទទួលការតាមដាន​សុខ​ភាព​អស់​រយៈ​ពេល៣ថ្ងៃ នៅព្រឹកថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមគ្រូពេទ្យមន្ទីរពេទ្យគន្ធ​បុប្ផា ចាប់ផ្តើមវះកាត់បិទប្រហោងពោះវៀន និងដោះពោះវៀនដែលប្រទាក់គ្នា ដើម្បីទាញភ្ជាប់​មក​រន្ធគូទវិញ។

លោកវេជ្ជបណ្ឌិត បានឱ្យដឹងថា ការវះកាត់មានការស្មុគស្មាញច្រើន និងប្រើរយៈពេលវះ​កាត់​រហូតដល់ទៅ៤ម៉ោង ដោយវេជ្ជបណ្ឌិតដែល​មាន​ជំនាញ​ខ្ពស់ចំនួន៣នាក់។ ក្រោយពេលវះ​កាត់ កុមារី ស្រីនុ បានដឹងខ្លួន ហើយស្គាល់ឪពុកម្តាយ ប៉ុន្តែត្រូវតាមដានបន្តទៅលើដំណើរ​ការ ​ពោះ​វៀនធំ ដែលខ្សោយនោះ តើមានដំណើរ ឬអត់ដំណើរការ នៅដំណាក់កាលបន្ទាប់ និងតាមដាននូវហានិភ័យក្រោយវះកាត់បន្តទៀត។

សូមបញ្ជាក់ថា កុមារី អាត ស្រីនុ កើតមានជំងឺខ្សោយពោះវៀនធំ​បណ្តាលមកពីគ្មាន​សរសៃ​ប្រសាទ​​ពីកំណើត។ កុមារីធ្លាប់បានសម្រាកពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញចំនួន៤ដង ចាប់ពីខែមករា ឆ្នាំ២០២១ ហេីយបានទទួលកាវះកាត់ចំនួន៣ដងរួចមកហើយ។ កុមារីរូប​នេះ ត្រូវ​បានចោះពោះវៀនធំចំហមកក្រៅពោះ (Colostomy) កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ​២០២២។ ចុងក្រោយត្រូវបានវះកាត់នៅមន្ទីរពេទ្យជ័យវរ្មន័ទី៧ ចំនួន១ដងនៅខែមករា ឆ្នាំ២០២២ ជាមួយរោគវិនិច្ឆ័យស្ទះពោះវៀន។

កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ស្ត្រីជាម្តាយ ដែលមានមុខរបរជាកម្មកររោងចក្រ​សាប្រី​ណា (sabrina) បានបីកូនស្រីមានបញ្ហាពោះវៀននេះ ទៅចូលរួមក្នុងពិធីសំណេះសំណាល ធ្វើឡើងក្រោមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងបំណងស្វែង​រក​កិច្ចអន្តរាគមន៍ពីសម្តេចជួយព្យាបាលកូនស្រីរបស់ខ្លួន។

មិនខកបំណងនោះឡើយ ពេលអញ្ជើញទៅដល់ទីតាំងកម្មវិធីភ្លាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានដើរសំដៅឆ្ពោះទៅកាន់កម្មការិនី ហៀង ចាន់ ដែលកំពុងបីកូនស្រីមានបញ្ហា​ពោះ​វៀននោះ។ បន្ទាប់មកសម្តេចធិបតី បានបញ្ជាលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិកា​រ​ក្រសួងសុខាភិបាលនាំកុមារី និងម្តាយទៅមន្ទីរពេទ្យ​ភ្លាមៗ និងព្យាបាយ​ដោយឥតគិតថ្លៃ​រហូត​ជាសះស្បើយ។ បន្ទាប់ពីទទួលបានការណែនាំនោះលោកស្រី យក់ សម្បត្តិ ក៏បានចាត់ចែង​នាំយក​កុមារីទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។

បន្ទាប់ពីទទួលបានការជួយអន្តរាគមន៍ពីសម្តេចធិបតី, កម្មការិនី ហៀង ចាន់ បានបង្ហាញក្តី​រំភើប និងរីករាយជាខ្លាំង។ ស្ត្រីជាកម្មការិនីរូបនេះ បានលើកឡើងថា អ្នកស្រីចាំពេលនេះអស់​រយៈ​ពេល​ជាច្រើន​ឆ្នាំមកហើយ ដើម្បីមានឱកាសជួប​ជា​មួយសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីអាច​ឱ្យ​កូន​ស្រីរបស់ខ្លួន ទទួលបានការព្យាបាល។

កម្មការិនី ហៀង ចាន់ និយាយទាំងអួលដើមកថា «ខ្ញុំអរណាស់ ខ្ញុំតែងតែបន់ឱ្យកូនជួប​សម្តេច ដើម្បី​ទទួលបានការព្យាបាល ឥឡូវនេះបានជួបហើយ។ ឱ្យតែកូនស្រីខ្ញុំជា ខ្ញុំ​អរ​ណាស់​រំភើប​ណាស់។ អរគុណសម្តេច»

លោកស្រី យក់ សម្បត្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមគ្រូពេទ្យមន្ទីរពេទ្យគន្ធ​បុប្ផា ដែលបានយកចិត្តទុកដាក់ព្យាបាលកុមារី អាត ស្រីនុ។

ក្រោយពេលក្រុមគ្រូពេទ្យវះកាត់បិទពោះវៀនឱ្យកូនស្រីដោយជោគជ័យ អ្នកស្រី ហៀង ចាន់ បានបង្ហាញក្តីរីករាយថែមមួយ​កម្រិត​ទៀត។ អ្នកស្រី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​ជូនសម្តេចមហា​បវរធិបតី និងក្រុមក្រុមគ្រូពេទ្យ ដែលបានជួយព្យាបាលកូនស្រីរបស់​អ្នកស្រី៕