(ភ្នំពេញ)៖ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣​ បានដឹកនាំកិច្ចប្រជុំស្តីពី៖ ការពង្រឹងតួនាទីភារកិច្ចរបស់ព្រះមន្ត្រីសង្ឃរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ។

កិច្ចប្រជុំនេះ ផ្ដោតសំខាន់លើការងារមួយចំនួនដូចជា៖

* ការព្យាយាមរង្ងាប់អធិការណ៍ នៅតាមបណ្តារាជធានី/ខេត្ត
* ការពង្រឹងក្រមសីលធម៌ក្នុងការប្រើប្រាស់បណ្តាញសង្គមផ្សេងៗ ឲ្យសាកសមជាភេទបព្វជិតដើម្បីលើកតម្លៃព្រះពុទ្ធសាសនា
* ពង្រឹងវិស័យពុទ្ធិកសិក្សា
* ត្រៀមរៀបចំអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១។

បន្ថែមពីនោះ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង បានក្រើនរំលឹកដល់ព្រះមន្រ្តីសង្ឃរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឲ្យអនុវត្តតាមតួនាទី និងភារកិច្ចដែលខ្លួនមាន កុំយកតំណែង ឬតួនាទីភារកិច្ចយកទៅចងមុងដេកទទឹងផ្លូវគេធ្វើការមិនកើត ហើយបើមន្រ្តីសង្ឃអង្គណាអសមត្ថភាព ស្នើសុំឲ្យលាលែង។

ក្នុងកិច្ចប្រជុំនេះ មានសមាសភាពនិមន្តចូលរួមពី៖ សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ ព្រះមន្រ្តីសង្ឃលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះមេគណ និងព្រះបាឡាត់គណរាជធានី-ខេត្តផងដែរ៕