(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារលិខិត ចូលរួមរំលែកទុក្ខជូនលោក រ័ត្ន សារិន ទីប្រឹក្សារាជរដ្ឋាភិបាល ចំពោះមរណភាពលោកស្រី ហ៊ុល សូភី ដែលត្រូវជាភរិយា។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូច្នេះថា «ខ្ញុំ និងភរិយា ទើបទទួលដំណឹងដ៏ក្រៀមក្រំថា លោកជំទាវ ហ៊ុល សូភី ដែលត្រូវជាភរិយារបស់ឯកឧត្តម បានទទួលមរណភាពនៅថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ នៅវេលាម៉ោង ២៖០០នាទីរំលងអធ្រាត្រ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៤ឆ្នាំដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមសម្ដែងនូវការសោកស្តាយចំពោះការបាត់បង់ភរិយា ម្តាយ ម្តាយក្មេក និងជីដូនជាទីគោរពស្រឡាញ់ ដែលពោរពេញដោយព្រហ្មវិហារធម៌ចំពោះកូនៗ ចៅៗ ដែលកន្លងមកក្នុងឆាកជីវិតលោកជំទាវ ហ៊ុល សូភី បានខិតខំតស៊ូចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតា រហូតក្លាយជាធនធានមនុស្សដ៏មានតម្លៃ សម្រាប់សង្គមជាតិ។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកជំទាវ ហ៊ុល សូភី សូមឆាប់បានចាប់កំណើតកើត ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»៕