(ភ្នំពេញ)៖ កម្ពុជាកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងតំបន់អាស៊ាន និងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយនៅលើឆាកអន្តរជាតិ និងស្របពេលជាមួយនឹងគម្រោងដំណើរ ទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសចិន នៅថ្ងៃទី១៤ ខែកញ្ញា ស្អែកនេះ។
នេះជាការគូសបញ្ជាក់របស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងកម្មវិធីបើកបាឋកថាស្តីពី «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់៖ ទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច» ឧទ្ទេសនាមដោយ លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣, ទីស្ដីការក្រសួងព័ត៌មាន។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ឬហៅកាត់តាមភាសាអង់គ្លេសថា «RCEP» មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជាយើង ដែលសាធារណជនទូទៅ ជាពិសេស ពាណិជ្ជករ និងអ្នកវិនិយោគទាំងជាតិនិងអន្តរជាតិ ចាំបាច់ត្រូវយល់ដឹងអំពីយុទ្ធសាស្តក្នុងការទាញយកអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងនេះ។ ហេតុនេះ អ្នកសារព័ត៌មាន មានតួនាទីសំខាន់ណាស់ក្នុងការនាំយកនូវដំណឹងទាំងអស់នេះដើម្បីផ្សព្វផ្សាយបន្តជូនដល់សាធារណជន។
លោកបានបន្តថា ទស្សនាទាន នៃកិច្ចព្រមព្រៀងនេះ ត្រូវបានផ្តួចផ្តើមឡើងនៅអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី១៩ នៅខែវិច្ឆិកា ឆ្នាំ២០១១ ហើយមួយឆ្នាំបន្ទាប់មក ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅខែវិច្ឆិកា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។
សូមរម្លឹកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំសម្បើមនេះបានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ស្របនាពេលនោះ។ មានន័យថា ពេលដែលកម្ពុជាយើងចាប់ផ្តើមអាណត្តិជាប្រធានអាស៊ានលើកទី៣ កិច្ចព្រមព្រៀងនេះបានចាប់បដិសន្ធិឡើង នៅប្រទេសកម្ពុជាយើង ហើយដប់ឆ្នាំក្រោយមក កិច្ចព្រមព្រៀងនេះចូលជាធរមាននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជារបស់យើងសារជាថ្មីម្តងទៀត។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងឱ្យដឹងទៀតថា សក្តានុពលទាំងឡាយដែលកើតចេញពីកិច្ចព្រមព្រៀង RCEP នៅក្នុងដំណាក់កាលនៃការស្ដារឡើងវិញក្រោយវិបត្តិកូវីដ-១៩នេះ ពិតជាមានសារៈសំខាន់ជាសារវន្តសម្រាប់កម្ពុជា តាមរយៈការពន្លឿនដំណើរការឧស្សាហូបនីយកម្ម និងឌីជីថលូបនីយកម្ម និងការផលិតដែលមានលក្ខណៈវៃឆ្លាតនានា ដោយជំរុញនិងពង្រឹងសក្តានុពលវិស័យឧស្សាហកម្ម បច្ចេកវិទ្យាក្នុងស្រុកឱ្យក្លាយជាផ្នែកមួយនៃខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ សម្រាប់គោលដៅរួមក្នុងការនាំកម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
បើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ការសម្រេចបាននូវកិច្ចព្រមព្រៀងដ៏ធំមហិមាមួយនេះ បានបង្ហាញយ៉ាងច្បាស់ពីការវិលត្រឡប់មកវិញនូវពហុភាគីនិយម ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងការចូលរួម និងលើកកម្ពស់ការធ្វើពាណិជ្ជកម្មដោយសេរីនិងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកកាន់តែជិតស្និទ្ធ ដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចសកលនៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ ដូច្នេះ ការយល់ច្បាស់គោលបំណងអំពីកិច្ចព្រមព្រៀងនេះ នឹងជួយឱ្យបណ្ដាវិនិយោគិន និងក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា អាចអភិវឌ្ឍន៍ខ្លួនស្របតាមការវិវត្តិនៃសភាពការណ៍នៅលើសកលលោក និងបង្កើននូវភាពប្រកួតប្រជែងរបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានជំនឿយ៉ាងមុតមាំទៅលើអ្នកសារព័ត៌មានរបស់ទាំងអស់ ក្នុងការជួយផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីកិច្ចព្រមព្រៀងRCEPនេះទៅដល់សាធារណជន ជាពិសេស វិនិយោគិន និងធុរជនបរទេសដែលមានបំណងចង់ធ្វើធុរកិច្ចនៅកម្ពុជាដើម្បីឱ្យកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពេញលេញពីកិច្ចព្រមព្រៀងនេះ៕