(ភ្នំពេញ)៖ អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា បានសន្យាបន្តការគាំទ្រ និងធ្វើកិច្ចសហប្រតិបត្តិបន្តទៀត ជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លើការលើកកម្ពស់វិស័យសន្តសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា។
ការសន្យានេះ ធ្វើឡើងក្នុងជំនួបសំណាលរវាងអង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានានៅកម្ពុជា ប្រមាណ៣០ស្ថាប័ន ជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
លោកស្រី រីប៊ែកា ប៊ែល (Rebekah Bell) តំណាងអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា និងជាសហអ្នកសម្របសម្រួលដៃគូអភិវឌ្ឍន៍ (តំណាងអង្គការសហប្រជាជាតិ) និង លោក ចូស កូឌែល (Jost Kadel) ប្រធានបេសកកម្មសហប្រតិបត្តិការសាធារណរដ្ឋសហព័ន្ធអាលឺ្លម៉ង់ និងជាសហសម្របសម្រួលដៃគូអភិវឌ្ឍន៍ បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ជាសេនាធិការ បានធ្វើឲ្យប្រសើរឡើងនូវសន្តិសុខស្បៀង និងកែលម្អបញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ ក្នុងនោះមានបញ្ហាកង្វះអាហារូបត្ថម្ភកុមារ ភាពក្រិសក្រិន ភាពស្គាំងស្គមរបស់កុមារ ស្រ្តីក្នុងវ័យបន្តពូជ និងស្រ្តីក្រោយពេលសម្រាលកូន។ល។
លោកស្រីបន្តថា «ជាមួយនោះ យើងក៏នៅមានបញ្ហាប្រឈមជាច្រើនទៀតដែលត្រូវធ្វើការរួមគ្នាដើម្បីដោះស្រាយ ពិសេសបញ្ហាស្ត្រី និងកុមារ ដែលយើងត្រូវគិតគូឲ្យបានស៊ីជម្រៅពីរបបអាហារសុខភាព និងអាហារូបត្ថម្ភ ការជម្រុញការបង្កបង្កើនផលកសិកម្ម និងដំណាំចម្រុះ លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីរបបអាហារ ទឹកស្អាត និងអនាម័យ ការបំបៅកូនដោយទឹកដោះម្តាយ យុទ្ធនាការ១ពាន់ថ្ងៃដំបូង និងពន្យាមាតុភាពសម្រាប់ស្ត្រីធ្វើការនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ឋ និងជំរុញការផ្សព្វផ្សាយ។ល។»
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នពាក់ព័ន្ឋ ដៃគូអភិវឌ្ឍន៍នានានៅក្នុងក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដែលបាននិងកំពុងបន្តជួយគាំទ្រដល់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលធ្វើឲ្យយើងសម្រេចបានជោគជ័យជាច្រើនលើការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងប្រព័ន្ឋស្បៀងនៅកម្ពុជា។
លោកទេសរដ្ឋមន្ត្រីបន្តថា វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គម។ សន្ទុះនៃការអភិវឌ្ឍន៍យ៉ាងលឿន ការធ្វើចំណាកស្រុក ការរីករាលដាលនៃជម្ងឺកូវីដ១៩ ការប្រែប្រួលអាកាសធាតុ ការប្រែប្រួលប្រជាសាស្ត្រ និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម បានធ្វើឲ្យប្រជាជនកម្ពុជាផ្លាស់ប្តូររបៀបរស់នៅ និងការហូបចុក។ ជាពិសេស ការផ្លាស់ប្តូរ និងបម្រែបម្រូលទម្លាប់បុគ្គល និងសង្គម ក៏បានជះឥទ្ធិពលអវិជ្ជមានលើស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀតលើការប្រយុទ្ធនឹងបញ្ហាកង្វះអាហារូត្ថម្ភគ្រប់ទម្រង់ បញ្ហាធាត់លើសទម្ងន់ ជាពិសេសកុមារ ហើយបញ្ហានេះ បានធ្វើឲ្យប្រជាជនប្រឈមនឹងបញ្ហាថ្មីៗ ដែលបង្កការគំរាមកំហែងដល់សុខភាព និងសក្តានុពលនៃកំណើនសេដ្ឋកិច្ចទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
លោកទេសរដ្ឋមន្រ្តីបន្ថែមថា ប្រសិនបើគ្មានការយកចិត្តទុកលើសុខភាព សន្តិសុខស្បៀង និងអាហារូបត្ថម្ភនោះទេ ផលលាភដែលបានពីការអភិវឌ្ឍន៍សេដ្ឋកិច្ច នឹងធ្លាក់ចុះ ដោយសារការខាតបង់ដែលមិនអាចមើលរំលងពីបញ្ហាកង្វះអាហារូបត្ថម្ភ និងបន្ទុកចំណាយលើការថែទាំ និងព្យាបាលជំងឺមិនឆ្លងនានា ដូចជាជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូចជាដើម។
លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា «យើងអាចសម្រេចគោលដៅ Zero Hunger បាន តែយើងនៅជួបបញ្ហាកង្វះអាហារូបត្ថម្ភ ព្រមទាំងទឹកស្អាត និងអនាម័យ ដែលយើងត្រូវយកចិត្តទុកដាក់បន្ថែមទៀត ហើយវាក៏ជាកង្វល់របស់ប្រមុខរាជរដ្ឋាភិបាលផងដែរ។»
ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើឲ្យបង្កើតក្រុមការងារបច្ចេកទេសសន្តិសុខស្បៀង និងអនាម័យ នៅតាមបណ្តាឃុំ ស្រុក ហើយផ្សារភ្ជាប់ជាមួយក្រុមការងារបច្ចេកទេសទឹកស្អាត និងអនាម័យដែលមានស្រាប់ ព្រោះការងារទាំងពីរនេះ វាមានលក្ខណៈសង្វាក់ និងប្រទាក់ក្រឡាគ្នា៕