(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានថ្លែងឲ្យដឹងថា មន្ត្រីជំនាញរដ្ឋាភិបាល កំពុងតែបន្តបញ្ចុះបញ្ចូលប្រទេសសមាជិក កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ឲ្យដាក់លេខាធិការដ្ឋាន នៅរាជធានីភ្នំពេញ។
លោកថ្លែងបែបនេះ ក្នុងឱកាសធ្វើបាឋកថា ក្រោមប្រធានបទស្ដីពី «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់៖ ទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច» នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។
RECP មានប្រទេសសមាជិកចំនួន ១៥ គឺសមាជិកអាស៊ានចំនួន ១០ និងប្រទេសធំៗទៀត រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ ប្រទេសទាំង ១៥ បានគ្របដណ្តប់តំបន់អាស៉ីប៉ាស៉ីហ្វិកទាំងមូល មានទីផ្សារ ១ ភាគ ៣ នៃទីផ្សារពិភពលោក និងប្រជាជនសរុបស្មើនឹង ១ ភាគ ៣ នៃប្រជាជនពិភពលោក។
លោក សុក ស៉ីផាន់ណា បានបញ្ជាក់យ៉ាងដូច្នេះថា «លេខាធិការដ្ឋានអាស៊ាន គេកំពុងតែជជែកទៀតហើយ យើងអត់ទាន់បើកគម្របទេ»។
ជាមួយគ្នានេះ ពេលធ្វើបាឋកថា ស្តីអំពី «សេចក្តីសង្ខេបពីការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា៖ សមិទ្ធផល និងបញ្ហាប្រឈម» នៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុក ស៉ីផាន់ណា ក៏ធ្លាប់បានលើកឡើងថា មន្ត្រីជំនាញរដ្ឋាភិបាល បាននិងកំពុង ទាក់ទងបញ្ចុះបញ្ចូលទាញទឹកចិត្ត ប្រទេសជាសមាជិកទាំង ១៥ របស់ RCEP ឲ្យដាក់លេខាធិការដ្ឋាននេះ តាំងនៅរាជធានីភ្នំពេញ ក្រោយពីកិច្ចព្រមព្រៀងនេះចូលជាធរមានកាលពីឆ្នាំ២០២២ ដើម្បីលើកស្ទួយកិត្តិយស និងជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានផ្តួចផ្តើមគំនិតឲ្យបង្កើតលេខាធិការដ្ឋាន RCEP កាលពីកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា បើតាមការសិក្សារបស់ស្ថាប័នអន្តរជាតិនានា បង្ហាញឲ្យឃើញពីសារសំខាន់នៃ RCEP គឺប្រសិនបើប្រទេសជាសមាជិកទាំង១៥ អនុវត្តនូវកិច្ចព្រមព្រៀងនេះពេញលេញនោះ នឹងបង្កើនទំហំពាណិជ្ជកម្មប្រមាណ ៤០ ប៊ីលានដុល្លារ ហើយនឹងជួយកម្ពស់ការរស់នៅប្រជាជន ២៧លាននាក់ បន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បន្តថា សម្រាប់កម្ពុជាវិញ កិច្ចព្រមព្រៀងនេះ នឹងជួយរុញកំណើនផលិតផលក្នុងស្រុកសរុប (GDP) បង្កើនការនាំចេញ បង្កើតឱកាសការងារ បង្កើនចំណូលពន្ធ និងការវិនិយោគផងដែរ៕