(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ បងប្អូនដោយសារតែអត់លុយចាយ ស្រាប់តែកើតគំនិតដើរលួចគាស់ផ្ទះគេលួចទ្រព្យសម្បត្តិ ក៏ត្រូវកម្លាំងនគរបាលចាប់វាយខ្នោះនៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជួល ភូមិព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ឆោម វិផុន អាយុ២៣ឆ្នាំ និងប្អូនប្រុសទី២-ឈ្មោះ ឆោម វិផាហៅអាម៉ៅ អាយុ២១ឆ្នាំ រស់នៅគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ។ សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុកម្លាំងកំពុងដើរល្បាតតាមមូលដ្ឋានស្រាប់តែឃើញ ជនសង្ស័យ២នាក់ ជាបងប្អូនបង្កើត កំពុងធ្វើសកម្មភាពគាស់ផ្ទះជាក់ស្តែង និងយកទ្រព្យសម្បត្តិមួយចំនួន ក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនទាំង០២នាក់តែម្តង។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ស្ថិតក្រោមការសួរនាំ របស់សមត្ថកិច្ចដើម្បីចាត់ការបន្តទៀត៕