(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយអះអាងថា វត្ថុបុរាណខ្មែរចំនួន៣៣ នឹងត្រូវប្រគល់មកកម្ពុជាវិញ ពីគ្រួសារ Lindemann នៅសហរដ្ឋអាមេរិក។

រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុងញូវយ៉ក (ហៅកាត់ថា USAO-SDNY) និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ (ហៅកាត់ថា HSI) បានឈានដល់កិច្ចព្រមព្រៀងជាមួយអ្នកកាន់កាប់សមុច្ច័យឯកជន គឺគ្រួសារ Lindemann ទាក់ទងនឹងវត្ថុបុរាណខ្មែរចំនួន ៣៣។ ការិយាល័យ HSI សហការជាមួយ USAO-SDNY បានដកហូតរូបចម្លាក់ទាំងនេះពីគ្រួសារខាងលើ។

វត្ថុបុរាណទាំងនោះរួមមានដូចជា៖ បដិមាព្រះវិស្ណុផ្ទុំ និងបដិមាអឌ្ឍនារីស្វរ/អធ៌នារីស្វរ (មួយចំហៀងជាភេទប្រុស និងមួយចំហៀងជាភេទស្រី) ដែលគេជឿជាក់ថា មានប្រភពមកពីប្រាសាទក្រចាប់ ស្ថិតក្នុងអតីតរាជធានីកោះកេរ។

យោងតាមសាក្សីបានឱ្យដឹងថា រូបចម្លាក់ទាំងនេះ ត្រូវបានលួចយកចេញក្នុងទសវត្សរ៍១៩៩០ ជាប្រាសាទតែមួយ ដែលតម្កល់បដិមាព្រះឥសូរ និងព្រះស្កន្ទ និងបដិមាព្រះស្កន្ទគង់លើក្ងោក។ ក្នុងចំណោមវត្ថុដែលប្រគល់មកវិញនេះ ក៏មានចម្លាក់ទេពមួយអង្គ ដែលគេជឿថាជាបដិមា ព្រះធ្នស្ថទ្យុមន៍ (មេទ័ពនៃបណ្ឌពក្សត្រ) ដែលមានប្រភពមកពីប្រាសាទចិន ក្នុងរមណីយដ្ឋានប្រាសាទកោះកេរផងដែរ។

បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជា សូមកោតសរសើរដល់គ្រួសារ Lindemann ដែលបានទទួលស្គាល់ថា សម្បត្តិវប្បធម៌របស់កម្ពុជាដែលខ្លួនកំពុងកាន់កាប់ គឺបានមកដោយមិនស្របច្បាប់ ហើយស្ម័គ្រចិត្តប្រគល់សម្បត្តិវប្បធម៌ទាំងនេះ ត្រឡប់មកកម្ពុជាវិញ ដែលជាម្ចាស់កម្មសិទ្ធិស្របច្បាប់។ ការប្រគល់មកវិញនេះ គឺជាគំរូដ៏ល្អមួយដល់សារមន្ទីរ និងអ្នកកាន់កាប់សមុច្ច័យឯកជនផ្សេងទៀត ដែលកម្ពុជាធ្លាប់ជូនដំណឹង ដើម្បីបន្តប្រគល់មកវិញនូវសម្បត្តិវប្បធម៌ជាតិរបស់យើង។ យើងមានសេចក្តីរំភើបក្រៃលែង ដែលស្នាដៃដ៏ល្អឯកទាំងនេះត្រូវបានប្រគល់មកវិញ បន្ទាប់ពីកិច្ចសហការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងការខិតខំប្រឹងប្រែងអស់រយៈពេលជាងបីឆ្នាំមក»

រូបចម្លាក់ ព្រះធ្នស្ថទ្យុមន៍ គឺជាបដិមាដ៏សំខាន់មួយ សម្រាប់បេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ ដោយសាររូបនេះគឺជាបដិមាមួយ ក្នុងចំណោមបដិមាទេពទាំង៩អង្គ ដែលមានប្រភពមកពីប្រាសាទចិននៅកោះកេរ។ បដិមាព្រះធ្នស្ថទ្យុមន៍ ត្រូវ បានគេលួចក្នុងអំឡុងពេលសង្គ្រាមស៊ីវិល ហើយបានដាក់លក់ដេញថ្លៃនៅឆ្នាំ១៩៩៤ ដោយក្រុមហ៊ុន Chinese Porcelain Company ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក។ ក្រោយមក រូបភាពបដិមានេះត្រូវបានបង្ហាញនៅក្នុងទស្សនាវដ្តី Architectural Digest។

បដិមាសំខាន់ៗចំនួនពីរទៀត ដែលមានប្រភពមកពីប្រាសាទក្រចាប់ នៅកោះកេរ នឹងត្រូវប្រគល់ត្រឡប់មកវិញដែរ គឺបដិមាព្រះវិស្ណុផ្ទុំ និងបដិមាអឌ្ឍនារីស្វរ ដែលត្រូវបានលួចក្នុងឆ្នាំ១៩៩៧។ បដិមាព្រះវិស្ណុ ត្រូវបានគេលួចយកចេញពីតួប៉មកណ្ដាលនៃប្រាសាទក្រចាប់។ សារៈសំខាន់នៃព្រះសិរ្សអសុរា និងទេព ដែលមានអាយុកាល ក្នុងសម័យអង្គរនៃរាជ្យព្រះមហាក្សត្រ ដ៏អស្ចារ្យបំផុតមួយ គឺព្រះបាទជ័យវរ្ម័នទី៧។

ការបញ្ជូនត្រឡប់មកវិញនេះ បង្ហាញជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរក និងនាំយកមកវិញនូវព្រលឹងដូនតា ដែលបានចាកចេញពីមាតុភូមិកន្លងមក។

បណ្ឌិតសភាចារ្យ ភឿង សកុណា បានសម្តែងនូវអំណរគុណជាពិសេស ដោយបញ្ជាក់ថា «នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត និងការនាំយកសន្តិភាពជូនកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះ ព្រមទាំងសូមស្វាគមន៍ និងអបអរសាទរ ក្នុងការវិលត្រឡប់មកវិញនៃព្រលឹងដូនតា ដែលជាមង្គលរបស់ជាតិ ក៏ដូចជាការប្រោះព្រំ ប្រសិទ្ធិពរជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី»