(កណ្ដាល)៖ ជនដែលលួចបង្កើតគណនីតេលេក្រាមក្លែងក្លាយ ហើយបន្លំខ្លួនជាស្នងការនគរបាលខេត្តកណ្ដាល ត្រូវបានលោក អ៊ុង សុវណ្ណារិទ្ធ ជាចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល និងលោកស្រី ថ្លាង ស្រីណុច តំណាងអយ្យការបានសម្រេចចោទពីបទ «ឆបោក» តាមបញ្ញត្តិមាត្រា៣៧៧ និង៣៧៨ នៃក្រមព្រហ្មទណ្ឌ និងបានឃុំខ្លួនដាក់ពន្ធនាគារ។
នេះបើតាមលោក សូ សារិន អ្នកនាំពាក្យសាលាតំបូងខេត្តកណ្ដាល និងលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
បុគ្គលនេះបានក្លែងបន្លំ ឈ្មោះ និងយករូបលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ទៅបង្កើត Account Telegram ក្លែងក្លាយ ដោយប្រើលេខ +៨៥៥ ៧៦ ៣៥១ ៨៧០៨ ឆាតទៅសុំខ្ចីលុយលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។
ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត កម្លាំងជំនាញនៃស្នងការដ្ឋានគរបាលខេត្តកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានស្រាវជ្រាវឃាត់ខ្លួនបុគ្គលក្លែងបន្លំខាងលើបាន ដែលមានឈ្មោះ ងន យឿន ហៅម៉ាប់ អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ នៅព្រឹកថ្ងៃទី១១ កញ្ញា ឆ្នាំ២០២៣ ចំណុចភូមិដំណាក់ធំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕