(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងនគរបាល នៅតាមបណ្តាមូលដ្ឋានក្នុងរាជធានីភ្នំពេញ ត្រូវខិតខំប្រឹងប្រែងការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ដើម្បីនាំមកសុខសុវត្ថិភាព និងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ជាពិសេសបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ហើយត្រូវកាត់បន្ថយភាពអសកម្មនានា ដែលនាំឱ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ចិត្ត។
ការណែនាំនេះ បានធ្វើឡើងបន្ទាប់ពី មានការផ្សព្វផ្សាយរបស់ ពលរដ្ឋនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដែលបានសម្ភាសជាមួយសារព័ត៌មាន បង្ហាញពីការព្រួយបារម្ភអំពើចោរកកម្មក្នុងមូលដ្ឋាន។
បើតាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ក្រោយពីទទួលព័ត៌មានចុះផ្សាយនោះ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាទៅលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ដើម្បីស្រាវជ្រាវជាបន្ទាន់រាយការណ៍ជូនឯកឧត្តមស្នងការ ជាពិសេសករណីស្រ្តីម្នាក់ឈ្មោះ នាង ស៊ីណាត រស់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដែលបានសម្ភាសជាមួយសារព័ត៌មានករណីបាត់ម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១CL-១៣៤៧ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ម៉ោង១៥៖៣០នាទី ដោយគ្មានចំណាត់ការទាន់ពេលវេលារបស់សមត្ថកិច្ចមូលដ្ឋានក្នុងការបង្រ្កាបជនសង្ស័យ ហើយសមត្ថកិច្ចមិនអើពើផងនោះទៀត។
ពាក់ព័ន្ធនឹងករណីនេះ បន្ទាប់ពីទទួលបានបទបញ្ជាភ្លាម លោកអធិការនគរបាលខណ្ឌច្បារអំពៅ ក៏បានបំភ្លឺជូនជុំវិញករណីខាងលើនេះ ដោយបានបញ្ជាក់ថា ជនសង្ស័យដែលបានធ្វើសកម្មភាពលួចយកម៉ូតូស្រ្តីរងគ្រោះឈ្មោះ នាង ស៊ីណាត ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ធ្វើការបង្រ្កាបបានជនសង្ស័យចំនួន០២នាក់ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ និងបានដកហូតម៉ូតូ០១គ្រឿងរបស់ស្រ្តីរងគ្រោះមកវិញ។
ជនសង្ស័យ រួមមាន ទី១៖ ឈ្មោះ ពុទ្ធ ធារ៉ា ភេទប្រុស អាយុ ១៧ឆ្មាំ ជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ និង២៖ ឈ្មោះ ស៊ុន ស៊ីម៉ា ភេទ ប្រុស អាយុ ៣៦ឆ្នាំគ្មាន មុខរបរពិត។ ជនសង្ស័យទាំង០២នាក់នេះ ស្នាក់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ប៉ុន្តែម៉ូតូ០១គ្រឿង ដែលបានដកហូតមកវិញនោះ ត្រូវបានជនសង្ស័យយកលក់គ្រឿងអស់មួយចំនួន តែត្រូវបានលោកអធិការនគរបាលខណ្ឌច្បារអំពៅ ក៏ចំណាយប្រាក់ផ្ទាល់ខ្លួនចំនួន១៥០ដុល្លារ ជួសជុលម៉ូតូឱ្យល្អឡើងវិញហើយនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ ហើយសមត្ថកិច្ចក៏បានប្រគល់ឱ្យម្ចាស់ដើមផងដែរ។ ទន្ទឹមនោះស្រ្តីម្ចាស់ម៉ូតូក៏បានសម្តែងក្តីរីករាយ និងថ្លែងអំណរគុណដល់អាជ្ញាធរ កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ទោះជាយ៉ាងណាក៏ដោយ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានណែនាំបន្ថែមដល់កម្លាំងនគរបាល នៅតាមបណ្តាមូលដ្ឋានក្នុងរាជធានីភ្នំពេញ ត្រូវខិតខំប្រឹងប្រែងការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ដើម្បីនាំមកសុខសុវត្ថិភាព និងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ជាពិសេសបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ហើយត្រូវកាត់បន្ថយភាពអសកម្មនានា ដែលនាំឱ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ចិត្តផងដែរ៕