(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦នេះ «សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា» ដែលទើបប្រកាសទទួលស្គាល់ផ្លូវការ ពីក្រសួងព័ត៌មាន ក្រោមការចុះហត្ថលេខាដោយលោករដ្ឋមន្រ្តី ខៀវ កាញ្ញារីទ្ធ ព្រមទាំងទទួលបានការឧបត្ថម្ភថវិកាចំនួន៥០០០ដុល្លារផងដែរ សម្រាប់ទ្រទ្រង់ដំណើរការរបស់ សហភាពសហព័ន្ធផងនោះ, លោក ហ៊ុយ វណ្ណៈ ប្រធានដឹកនាំ សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា បានផ្ញើលិខិតថ្លែងអំណរគុណយ៉ាងអនេកចំពោះលោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចំពោះកាយវិការដ៏ប្រពៃរបស់លោក។
នៅក្នុងលិខិតរបស់លោក ហ៊ុយ វណ្ណៈ តំណាង ស.ស.ស.ក បានថ្លែងថា៖ «យើងខ្ញុំទាំងអស់គ្នា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម រដ្ឋមន្រ្តី ដែលបានផ្តល់ថវិការចំនួន៥០០០ដុល្លារ ស្នើនឹង២០លានរៀល ជួយឧបត្ថម្ភទ្រទ្រង់ដំណើការរបស់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា។ កាគាំទ្រ និងសមាណចិត្តដ៏ថ្លៃថ្លានេះគឺបង្ហាញ នូវការយកចិត្តទុកដាក់គ្រប់ពេលវេលារបស់ ឯកឧត្តមរដ្ឋមន្រ្តី ចំពោះអ្នកសារព័ត៌មាន»។
ប្រធានដឹកនាំរូបនោះបានបញ្ជាក់យ៉ាងដូច្នេះទៀតថា «អ្វីក៏អាចធ្វើឲ្យកើតឡើងប្រកបដោយផ្លែផ្លា គឺដោយចាប់ផ្តើមពីការរួមគ្នាជាធ្លុងមួយ និងពីអ្នកទាំងឡាយដែលនៅជិតយើងបំផុត! យើងខ្ញុំនឹងប្រើប្រាស់ថវិកានេះឲ្យបានត្រឹមត្រូវបំផុត»។
សូមជំរាបថា សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា ត្រូវបានបង្កើតឡើងដោយការរួមដៃគ្នារវាងអ្នកកាសែត និងអតីតអ្នកកាសែត ដែលមានបទពិសោធន៍ បំរើការងារនៅស្ថាប័នជាតិនិងអន្តរជាតិផ្សេងៗគ្នារួមមាន៖ ពីទូរទស្សន៍ CTN CNC My TV OneTV, CTN International, BTV TV9 TV11 TV8 Hang Meas TV SEATV TV5 TV3 TVK NTV Phnom Penh Time, សារព័ត៌មាន Fresh News (App+Website), សារព័ត៌មាន Khmer Times និង Kampuchea Thmey ។
ខាងក្រោមនេះជាលិខិតថ្លែងអំណរគុណ ចំពោះរដ្ឋមន្រ្តីក្រសួងព័ត៌មាន៖