(ភ្នំពេញ)៖ លោកអ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជំប៉ុនប្រចាំនៅកម្ពុជា បានថ្លែងកោតសរសើរសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះការរៀបចំអ្នកប្រកបដោយស្ថេរភាព និងសន្តិភាព។
ការកោតសរសើរនេះ បានធ្វើឡើងក្នុងពេលលោកឯកអគ្គរាជទូត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។
ក្នុងជំនួបនេះ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសន្តិភាពនៅកម្ពុជា ក៏ដូចជាការស្តារសេដ្ឋកិច្ចសង្គមឡើងវិញ ហើយសមិទ្ធផលនេះបានក្លាយទៅជាផលប្រយោជន៍របស់ប្រជាជន និងប្រទេសកម្ពុជា។
សម្តេចតេជោ បានកោតសរសើរចំពោះមិត្តភាព ដែលបានកើតមានគ្រប់ជំនាន់ នៃនាយករដ្ឋមន្ត្រីជប៉ុន ជាពិសេសចាប់តាំងពីជំនាន់អតីតនាយករដ្ឋមន្ត្រី តាកស៊ីតា ណូបូ (Takeshita Noboru) រហូតដល់អតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ (Shinzo Abe) និងលោកនាយករដ្ឋមន្ត្រី ហ្វូមីយូ គីស៊ីដា (Fumio Kishida) ដែលបានជួបសន្ទនាការងារជាមួយគ្នាជាញឹកញាប់។
លោកឯកអគ្គរាជទូត បានពាំនាំនូវសារអបអរសាទរដោយផ្ទាល់ពីលោក ហ្វូមីយូ គីស៊ីដា ជូន សម្តេចតេជោ ចំពោះសមិទ្ធផលដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយ។
លោក ហ្វមីយូ គីស៊ីដា ក៏បានប្ដេជ្ញាចិត្តនឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងចំណងមិត្តភាពកម្ពុជា-ជប៉ុន រយៈពេល៧០ឆ្នាំ ប្រទេសទាំងពីរ បានទទួលនូវផលប្រយោជន៍ទៅវិញទៅមកយ៉ាងច្រើន ជាពិសេសកម្ពុជាទទួលបានការស្ដារហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការលើកកម្ពស់ប្រព័ន្ធទូរគមនាគមន៍ពី 4G ទៅ 5G និងការពង្រីកសមត្ថភាពកំពង់ផែសមុទ្រខេត្តព្រះសីហនុជាដើម។
លោកឯកអគ្គរាជទូត ក៏បានជម្រាបជូនអំពីផែនការសម្ពោធរោងចក្រដំឡើងរថយន្ត Toyota (CKD) នៅឆ្នាំ២០២៤។ លោកឯកអគ្គរាជទូត បានកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរៀបចំការបន្តវេនដោយរលូននៅកម្ពុជា និងការចូលរួមក្នុងបេសសកម្មសន្តិភាពនៅក្នុងតំបន់ និងពិភពលោកតាមទស្សនៈ «មិនយកសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាម» និង «យកកិច្ចសន្ទនាជាមូលដ្ឋានគ្រឹះ នៃសន្តិភាព»៕