(ភ្នំពេញ)៖ អ្នកវិនិយោគរបស់ជប៉ុន ចាប់អារម្មណ៍លើការវិនិយោគលើវិស័យចំនួនពីរនៅកម្ពុជា រួមមានការកែច្នៃផលិតផល និងបណ្តុះបណ្តាល។ ព័ត៌មាននេះ ត្រូវបានបញ្ជាក់ដោយលោក តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា។
នៅរសៀលថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយលោក តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKA) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
ក្នុងជំនួបនោះសម្ដេចធិបតី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោក តាកាហាស៊ី និងគណៈប្រតិភូ និងបានអរគុណ ចំពោះការបំពេញបេសកកម្មស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
សម្ដេចធិបតី និងលោក តាកាហាស៊ី ហ្វូមីអាគី បានពិភាក្សាផ្តោតទៅលើកិច្ចសហប្រតិបត្តិការវាងកម្ពុជា-ជប៉ុន ជាពិសេសក្នុងទិដ្ឋភាពនៃការធ្វើធុរកិច្ច និងឱកាសសម្រាប់ការវិនិយោគនៅកម្ពុជា។ សម្ដេចធិបតី បានជម្រាបជូនអំពីវឌ្ឍនភាពវិជ្ជមានជាច្រើន ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងនេះ។ ជាពិសេស ក្នុងនីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យសម្រាប់ការអនុវត្តច្បាប់នេះ ដែលបានចែងយ៉ាងច្បាស់អំពីយន្តការលើកទឹកចិត្តដ៏ទាក់ទាញ និងជាក់លាក់ ព្រមទាំងគោលនយោបាយអនុគ្រោះ និងកិច្ចសម្របសម្រួលផ្សេងៗ សម្រាប់ការវិនិយោគក្នុងវិស័យអាទិភាព។
ជាមួយការកំណត់ក្របខ័ណ្ឌគតិយុត្ត និងយន្តការជាក់លាក់នេះ លោក តាកាហាស៊ី ហ្វូមីអាគី បានបង្ហាញជំនឿយ៉ាងមុតមាំថា វិនិយោគិនជប៉ុន ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) នឹងចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។
លោក តាកាហាស៊ី បានគោរពជម្រាបជូនសម្ដេចធិបតី អំពីចំណាប់អារម្មណ៍របស់ SMEs ជប៉ុន ចំពោះវិស័យសំខាន់ៗ២ គឺ៖ ១) ការផលិតទំនិញកែច្នៃ ដែលប្រើប្រាស់វត្ថុធាតុដើមកម្ពុជា និងបច្ចេកវិទ្យាទំនើបជប៉ុន ដើម្បីផលិតជាផលិតផលសម្រេចសម្រាប់នាំចេញ និង២) ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយផ្តោតលើ៖ សេវាបដិសណ្ឋារកិច្ច, មេកានិក យានយន្ត (សេវាជួសជុលរថយន្តជប៉ុន), ការតុបតែង និងកែសម្ផស្ស, សេវាថែទាំអ្នកជំងឺមនុស្សចាស់ និងជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល។
សម្ដេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះចំណាប់អារម្មណ៍នៃការវិនិយោគក្នុងវិស័យ ដែលកម្ពុជាកំពុងមានតម្រូវការ ហើយវិស័យទាំងនេះក៏មានសង្គតិភាពទៅនឹងក្របខ័ណ្ឌគោលនយោបាយ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន ដូចជាយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ជាដើម។ ក្នុងន័យនេះ សម្ដេចធិបតី ជំរុញឱ្យសមាគមធុរកិច្ចជប៉ុន សហការ និងបង្កើនទំនាក់ទំនងការងារ ជាមួយភាគីពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសម្រេចឱ្យបាននូវវត្ថុបំណងទាំងនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្របសម្រួល សហការ និងគាំទ្រធុរកិច្ចជប៉ុន តាមរយៈគោលនយោបាយ និងកញ្ចប់លើកទឹកចិត្តដ៏ទាក់ទាញ និងជាក់លាក់។
មុននឹងបញ្ចប់កិច្ចពិភាក្សា លោក តាកាហាស៊ី បានគោរពជម្រាបបន្ថែមអំពីគោលបំណង នៃការដឹកនាំគណៈប្រតិភូធុរកិច្ចជប៉ុន មកធ្វើទស្សនកិច្ចនៅកម្ពុជាជាថ្មីម្ដងទៀត នៅខែវិច្ឆិកាខាងមុខ និងបានគោរពស្នើសុំការអនុញ្ញាតសម្ដេចធិបតី ដើម្បីចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាថ្មីទៀត។ សម្ដេចធិបតី បានស្វាគមន៍ដោយរីករាយ ចំពោះគោលបំណងនេះ ហើយ សម្ដេចធិបតី នឹងទទួលជួបក្នុងករណីមិនមានបេសកកម្មក្រៅប្រទេស ហើយពេលវេលាសមស្រប។
សម្ដេចធិបតី បានជូនពរលោក តាកាហាស៊ី និងគណៈប្រតិភូ ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចធុរកិច្ចនៅកម្ពុជា និងសូមឱ្យការធ្វើដំណើរមាតុភូមិនិវត្តន៍ ប្រកបដោយសេចក្តីសុខសុវត្ថិភាព៕