(ក្រចេះ)៖ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ តំណាងលោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកសិក្ខាសិលាផ្សព្វផ្សាយស្តីពីសៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតប សង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ និងរាំងស្ងួតឆ្នាំ២០២៣។

តាមរបាយការណ៍បានឱ្យដឹងថា ក្នុងរយៈពេល ៨ខែនេះ ស្ថានភាពគ្រោះមហន្តរាយក្នុងភូមិសាស្ត្រខេត្តក្រចេះ ដែលបណ្តាលឱ្យប៉ះពាល់ដល់មនុស្ស វិស័យកសិកម្ម និងហេដ្ឋារចនាសម័្ពន្ធ រួមមាន៖ ជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ ប៉ះពាល់ដល់ក្រុង-ស្រុក ទាំង៧ក្នុងខេត្ត ស្មើនឹង ២៨ឃុំ-សង្កាត់ និងភូមិចំនួន៦៣ភូមិ, ប៉ះពាល់ប្រជាពលរដ្ឋ ៩៧៣គ្រួសារ និងលិចផ្ទះចំនួន ១១០ខ្នង បានជម្លៀសប្រជាពលរដ្ឋ ទៅស្នាក់នៅបណ្តោះ អាសន្ននៅទីទួលសុវត្ថិភាព ចំនួន២៨ គ្រួសារ, ប៉ះពាល់លិចស្រូវ ចំនួន ៥៧៤ហិកតា ក្នុងនោះ ខូចខាតចំនួន ២៥៦ហិកតា និងមានលទ្ធភាពស្ដារឡើងវិញ ចំនួន១២២ ហិកតា, ប៉ះពាល់លិចដំណាំរួមផ្សំ (កៅស៊ូ ដំឡូងមី ស្វាយចន្ទី ពោត) សរុប ៧៦៧ហិកតា ក្នុងនោះខូចខាតចំនួន ៤១១ហិកតា។

ប៉ះពាល់លិចហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ផ្លូវលំគ្រួសក្រហមប្រវែង ២០.៤២៩ម៉ែត្រ ស្ពានបេឡេត៍, ឈើ ០២ កន្លែង លូកាត់ផ្លូវ ២៤កន្លែង ទំនប់ទឹកប្រវែង១០.៤៨៧ម៉ែត្រ អណ្ដូងលូ០៦កន្លែង អណ្ដូងស្នប់ ០៣កន្លែង និងបង្គន់អនាម័យ១៩កន្លែង, អគ្គីភ័យ កើតឡើងចំនួន ២២លើក, រន្ទះបាញ់ កើតឡើង ចំនួន១៤លើក បណ្តាលឱ្យមនុស្សស្លាប់ ០៧នាក់ ស្រី ០២នាក់ របួស ១៤នាក់, ប៉ះពាល់ផ្ទះ ចំនួន ០២ខ្ទង់ និងងាប់គោ ១ក្បាល, លង់ទឹកទន្លេ និងទឹកស្រះ កើតឡើងចំនួន ០៨លើក បណ្តាលឱ្យមនុស្សស្លាប់ ០៩នាក់ ក្នុងនោះកុមារ ០៨នាក់, ខ្យល់កន្ត្រាក់ កើតឡើង ចំនួន១៧លើក ប៉ះពាល់ប្រជាពលរដ្ឋ ចំនួន ១,០៨៥គ្រួសារ របួសចំនួន០៧នាក់ ប៉ះពាល់វត្តចំនួន ០៣កន្លែង ប៉ះពាល់អគារដ្ឋបាលចំនួន ០១កន្លែង ប៉ះពាល់សាលារៀនចំនួន ០៧កន្លែង និងងាប់គោ ចំនួន០១ក្បាល។

លោកអភិបសលរងខេត្តបានបញ្ជាក់ថា ជាទិសដៅការងារបន្តរបស់គណៈកម្មាការ គឺបន្តការអប់រំផ្សព្វផ្សាយដល់សាធារណៈជន អំពីហានិភ័យគ្រោះមហន្តរាយ និងការត្រៀមបង្ការឆ្លើយតប ដើម្បីពង្រីកការយល់ដឹង និងការចូលរួមកាត់បន្ថយការខូចខាត បាត់បង់ដោយសារគ្រោះមហន្តរាយ, ត្រៀមលក្ខណៈឆ្លើយតបសង្គ្រោះបន្ទាន់ករណីគ្រោះមហន្តរាយ បង្កដោយមុខសញ្ញាគ្រោះថ្នាក់ធម្មជាតិ ដែលអាចកើតឡើង និងបន្តផ្សព្វផ្សាយព័ត៌មាន អំពីស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកទន្លេមេគង្គ តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា និងប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន, បន្តសហការកៀរគរសប្បុរសជននានា ដើម្បីផ្ដល់អំណោយជូនគ្រួសាររងគ្រោះ និងងាយរងគ្រោះ ដោយ សារមុខសញ្ញាគ្រោះថ្នាក់ធម្មជាតិនានា, បង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គការដៃគូអភិវឌ្ឍន៍នានា ដែលធ្វើសកម្មភាពពាក់ព័ន្ធនឹងការងារ គ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ។

លោកបន្តថា ដោយមានការគាំទ្រថវិកា និងបច្ចេកទេសពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លេខាធិការដ្ឋាននៃ គ.គ.ម.ខ ត្រៀមរៀបចំទិវាជាតិគ្រោះមហន្តរាយ និងលំហាត់សាកល្បងឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ឆ្នាំ២០២៣ ស្តីពីការប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដារកម្រិតថ្នាក់ជាតិ និងថ្នាក់ខេត្តរយៈពេល២ថ្ងៃ ដោយមានការចូលរួមពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ខេត្តជាប់ដងទន្លេមេគង្គ និងខេត្តភូមិភាគឦសានចំនួន ៨ខេត្ត និងអង្គការដៃគូរជាតិ-អន្តរជាតិ នៅអំឡុងខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ៕