(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍។

កិច្ចប្រជុំនេះធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី១ បន្ទាប់ពីកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន វិទ្យាស្ថានជាតិទេសចរណ៍ សាលាវិជ្ជាជីវៈទេសចរណ៍ និងអង្គភាពចំណុះក្រសួងទេសចរណ៍នៅថ្នាក់ជាតិ កាលពីដើមសប្តាហ៍មុន និងបន្ទាប់ពីលោករដ្ឋមន្រ្តីបានដាក់ចេញឱ្យអនុវត្តនូវសេចក្តីសម្រេចស្តីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ដឹកនាំក្រសួងទេសចរណ៍ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។

សេចក្ដីសម្រេចនៃការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ដឹកនាំក្រសួងទេសចរណ៍នេះ ត្រូវបានលោករដ្ឋមន្រ្តី សុខ សូកេន ដាក់ចេញឱ្យអនុវត្តកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ ក្នុងគោលបំណងកំណត់តួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំទាំងអស់នៃក្រសួងទេសចរណ៍ឱ្យបានច្បាស់លាស់ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពការងារនៅក្នុងវិស័យទេសចរណ៍។

ក្នុងកិច្ចប្រជុំនេះក៏ទទួលបានការណែនាំ និងសម្រួលបន្ថែមទៅលើការបែងចែកតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំ ដើម្បីបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពការងារ ក្រោមចក្ខុវិស័យរួមមួយដែលដឹកនាំដោយលោករដ្ឋមន្រ្តីក្រសួងទេសចរណ៍។

ថ្នាក់ដឹកនាំទាំងអស់បានសម្ដែងនូវការគាំទ្រយ៉ាងខ្លាំង និងប្ដេជ្ញាចូលរួមអនុវត្តតាមការបែងចែកតួនាទីភារកិច្ចនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវភាពជោគជ័យ និងសមិទ្ធផលជូនរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាដែលជាម្ចាស់ឆ្នោត។

អង្គប្រជុំក៏បានពិភាក្សាលើគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត បង្កើន៥ និង អភិវឌ្ឍ៣ (BUILD plus 3Ds) ដែលមានភាពប្រទាក់ក្រឡាជាមួយនឹងរចនាសម្ពន្ធរបស់ស្ថាប័ន និងភារកិច្ចរបស់ថ្នាក់ដឹកនាំទាំងអស់។

លោករដ្ឋមន្រ្តី សុខ សូកេន ក៏បានដាក់ចេញនូវអនុសាសន៍សំខាន់ៗសំដៅបន្តដោះស្រាយរាល់បញ្ហាប្រឈម សំដៅធានាឱ្យបាននូវប្រសិទ្ធភាពការងារ៕