(កំពង់ឆ្នាំង)៖ ស្ត្រីមេម៉ាយមានកូនតូចៗ៣នាក់ រស់ក្នុងជីវភាពក្រីក្រ ដែលប្ដីបានស្លាប់ចោលដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ បានថ្លែងអំណរគុណដល់នគរបាល និងស្ថាប័នតុលាការខេត្តកំពង់ឆ្នាំង ដែលបានយកចិត្តទុកដាក់ជួយរៀបចំឯកសារ ដើម្បីដោះយកម៉ូតូ១គ្រឿងរបស់ប្តីគាត់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ រយៈពេល១ឆ្នាំ។

ស្ត្រីមេម៉ាយខាងលើឈ្មោះ ជា សុខជា អាយុ៣៦ឆ្នាំ មានកូនប្រុសតូចៗចំនួន៣នាក់ បច្ចុប្បន្នមានលំនៅក្នុងភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ដោយសារតែរូបគាត់មានជីវភាពខ្វះខាត និងម្យ៉ាងប្ដីបានស្លាប់ចោល បន្សល់ទុកនៅកូនតូចៗ៣នាក់នៅក្នុងបន្ទុក ដោយមានការខ្វះខាតជីវភាព និងមិនមានមធ្យោបាយសម្រាប់រកស៊ីចិញ្ចឹមកូនតូចៗ៣នាក់ និងចិញ្ចឹមម្ដាយមានវ័យចាស់ជរា ដែលមានព្រះជន្មជាង៨០ ឆ្នាំនៅក្នុងបន្ទុកម្នាក់ទៀតផងនោះ។

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ រូបគាត់ក៏បានមកស្នើសុំដល់លោកប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំងដោយផ្ទាល់ ដើម្បីសុំយកម៉ូតូប្ដីរបស់គាត់ ដែលបានជិះជួបគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ អស់រយៈពេលមួយឆ្នាំកន្លងមកនេះ ដើម្បីយកទៅប្រើប្រាស់សម្រាប់ជាមធ្យោបាយក្នុងការដើរហើរកស៊ីចិញ្ចឹមកូនៗបន្ត។

ថ្លែងប្រាប់ភ្នាក់ងារ Fresh News ស្ដ្រី ជា សុខជា បានអះអាងថា បន្ទាប់ពីរូបគាត់បានមកជួបប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំងដោយផ្ទាល់ រូបគាត់ក៏បានស្នើសុំម៉ូតូប្ដីរបស់គាត់ដែលបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ ពីលោកប្រធានសាលាដំបូងខេត្ត ខណៈនោះ លោកប្រធានសាលាដំបូងខេត្ត ក៏បានសហការជាមួយលោកព្រះរាជអាជ្ញា និងបានចាត់ចែងក្រុមការងាររៀបចំឯកសារពាក់ព័ន្ធជូនរូបគាត់តាមការស្នើសុំភ្លាមៗ។ មិនតែប៉ុណ្ណោះលោកប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ក៏បានជួយឧបត្ថម្ភនូវថវិកាមួយចំនួនដល់រូបគាត់ ដើម្បីទុកដោះស្រាយជីវភាពបានមួយចំណែកដែរ។

គុណបំណាច់ដ៏ធំធេងទាំងនេះរូបគាត់ និងក្រុមគ្រួសារចងចាំជានិច្ច ដែលមិនអាចបំភ្លេចបានឡើយ ពិសេសគឺការខិតខំប្រឹងប្រែងរបស់ក្រុមការងាររបស់ស្ថាប័នតុលាការ ដែលបានប្រឹងប្រែងយក ចិត្តទុកដាក់ជួយដល់រូបគាត់ក្នុងការដោះយកម៉ូតូ ដែលជាមធ្យោបាយមួយយ៉ាងសំខាន់សម្រាប់គ្រួសាររបស់គាត់ ដែលកំពុងជួបការខ្វះខាតផ្នែកជីវភាពរស់នៅ និងត្រូវការមធ្យោបាយសម្រាប់រកស៊ីចិញ្ចឹមកូនៗ និងម្ដាយដែលមានវ័យចាស់ ជរាថែមទាំងងងឹតភ្នែកទៀតផងនោះ។

ស្ដ្រីរូបនេះ ក៏បានថ្លែងអំណរគុណដល់លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត និងលោកអធិការនគរបាលស្រុកបរិបូណ៌ ដែលបានជួយសម្រួលនូវឯកសារទាំងឡាយ និងបានប្រគល់ម៉ូតូមកឲ្យក្រុមគ្រួសាររបស់គាត់វិញសម្រាប់ប្រើប្រាស់ជាមធ្យោបាយ។

សូមរំលឹកថា បុរសជាប្ដីរបស់ស្ត្រីមេម៉ាយកូន៣ ខាងលើនេះ ឈ្មោះ ហេង គង្គា អាយុ៣៦ឆ្នាំ បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ កាលពីវេលាម៉ោង៨៖២៥នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៥ ដោយជនរងគ្រោះបានជិះម៉ូតូទៅបុកគូទរថយន្តរបស់កងរាជអាវុធហត្ថម្នាក់ពីក្រោយ ដែលរថយន្តនោះគេចតទុកចោលនៅលើផ្លូវជាតិ នៅពេលយប់នៅចំណុចភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នឹងបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខាងលើនេះផងដែរ៕