(ភ្នំពេញ)៖ «សុវត្ថិភាពក្នុងការបើកបរ ដោយពាក់មួកសុវត្ថិភាព» គឺជាប្រធានបទមួយ ដែលក្រុមហ៊ុន អិនស៊ីអិច ហុងដា បានរៀបចំឡើង ក្នុងការដង្ហែក្បូនម៉ូតូហុងដា ប្រចាំឆ្នាំ២០១៦ ដើម្បីអប់រំដល់បងប្អូនប្រជាពលរដ្ឋ អំពីការពាក់មួកសុវត្ថិភាព នៅពេលជិះម៉ូតូ ដោយចេញដំណើរពីភូមិវប្បធម៌ ឆ្ពោះទៅកាន់ប្រាសាទអង្គរវត្ត ខេត្តសៀមរាប នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦នេះ។

អ្នករៀបចំកម្មវិធីនេះបានឲ្យដឹងថា ក្បួនដង្ហែនេះ មានម៉ូតូប្រមាណជា៧០០គ្រឿង នៃគ្រប់ម៉ូដែលរបស់ក្រមហ៊ុន ហុងដា មានដូចជា Honda Dream, Honda Scoopy, Honda Wave, Honda Click, Honda Moove, Honda MSX ដោយមានអ្នកចូលរួមមានរហូតដល់ជាមួយពាន់នាក់ ដែលមកពីបណ្តាខេត្ត ជុំវិញខេត្តសៀមរាប ដូចជាខេត្តកំពង់ចាម កំពង់ធំ បាត់ដំបង បន្ទាយមានជ័យ ព្រះវិហារ រតនគីរី ស្ទឹងត្រែង ក្រចេះ ពោធិ៍សាត់ ប៉ៃលិន និងខេត្តឧត្តរមានជ័យ។

តំណាងរៀបចំកម្មវិធីបានបញ្ជាក់ថា ក្នុងកម្មីធីនេះ ក្រុមគ្រួសារ Honda បាននាំគ្នាចូលរួមរើសសំរាម នៅបរិវេណឧទ្យានអង្គរ ដើម្បីចូលរួមចំណែក ថែរក្សា និងសំអាតបរិស្ថាន ទាំងអស់គ្នា ក្រោមស្មារតី សកម្មភាព គឺដើម្បីសម្បត្តិបេតិកភណ្ឌ របស់យើងទាំងអស់គ្នា បរិស្ថានស្អាត គឺឆ្លុះបញ្ចាំងពីវប្បធម៌ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើង បរិស្ថានស្អាត គឺផ្តើមចេញពីយើងទាំងអស់គ្នា។

យោងតាមការសិក្សារបស់អង្គការ មូលនិធិបង្ការរបួសអាស៊ី ក្នុងឆ្នាំ២០១៤ បានឲ្យដឹងថា បើមានការអនុវត្តច្បាប់ ចំពោះការពាក់មួកសុវត្ថិភាព សម្រាប់អ្នករួមដំណើរ តាមម៉ូតូ ព្រមទាំងកុមារ ឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ហើយកម្រិតនៃការពាក់មួកសុវត្ថិភាព កើនដល់ត្រឹម៨០ភាគរយនោះ នឹងអាចជួយសង្គ្រោះជីវិត មនុស្ស ជាអ្នករួមដំណើរតាមម៉ូតូ ព្រមទាំងកុមារបាន យ៉ាងតិចណាស់៥៦១នាក់ និងការការពាររងរបួសក្បាលរហូតដ់ ១០,៥៧៤នាក់ គិតត្រឹមឆ្នាំ២០២០។ នេះមិនទាន់គិតដល់ការសង្គ្រោះជីវិតមនុស្ស ដែលជាអ្នកបើកបរ ដែលនឹងមានកំណើនជាបន្តបន្ទាប់ ដោយសារការអនុវត្តច្បាប់នេះដែរ។ អត្រាគ្រោះថ្នាក់ចរាចរណ៍ នៅឆ្នាំ២០១៥ មានចំនួន២១៧ករណី មានអ្នកស្លាប់ ចំនួន ១០២៣នាក់ និងរបួសធ្ងន់ស្រាល ចំនួន ៣៧៦០នាក់ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៥។

ដើម្បីជំរុញអោយកិច្ចខិតខំប្រឹងប្រែង លើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងការពាក់មួកសុវត្ថិភាពទទួលបានជោគជ័យ ត្រូវចូលរួមគោរព ច្បាប់ចរាចរណ៍ផ្លូវគោក ការគោរពច្បាប់ចរាចរណ៍ ត្រូវផ្តើមចេញពីយើងម្នាក់ៗ ត្រូវចេះអប់រំខ្លួនឯងផ្ទាល់ គ្រួសារ មិត្តភ័ក្តិ សហការី និងសហគមន៍។ គម្បីចាំថាត្រូវត្រូវពាក់មួកសុវត្ថិភាព អោយបានត្រឹមត្រូវ រាល់ការធ្វើដំណើរ តាមទោចក្រយានយន្ត៕