(ភ្នំពេញ)៖ លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានតបណ្តាញជូនប្រជាពលរដ្ឋ នៅក្នុងទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ បានចំនួន៣០០២៣៥ បណ្តាញហើយ គិតជាចំនួនប្រជាជនបាន ដែលកំពុងប្រើប្រាស់ទឹកស្អាត មានចំនួនប្រមាណជា២លាននាក់។
លោក ស៊ឹម ស៊ីថា បានឲ្យដឹងថា រដ្ឋាករទឹកកំពុង កសាងរោងចក្រនិរោធជំហានទី២ បានប្រមាណ៩០ភាគរយ នៃទំហំការងារទាំងមូល ហើយរោងចក្រនេះ មានសមត្ថភាពផលិតទឹកស្អាតបាន ១៣០ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធជំហានទី២នេះ គ្រោងនឹងដាក់ឲ្យដំណើរការផ្គត់ផ្គង់ទឹស្អាត សាកល្បងពាក់កណ្តាល សមត្ថភាព៦៥ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ ក្នុងខែតុលា ឆ្នាំ២០១៦ ហើយនឹងដាក់ឲ្យដំណើរការ ពេញសមត្ថភាពនៅក្នុងឆ្នាំ២០១៧ខាងមុខនេះ។
លោកអគ្គនាយកបានឲ្យដឹងថា ក្រោយពីបញ្ចប់ការសាងសាងសង់ និងដាក់ឲ្យដំណើរការពេញសមត្ថភាព នៅឆ្នាំ២០១៧នោះ រដ្ឋាករទឹស្វយ័តក្រុងភ្នំពេញ អាចពង្រីកផ្ទៃសេវាផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ បានកាន់តែប្រសើរឡើងជាងមុន។
លោកបានឲ្យដឹងថា ទឹកស្អាតគឺជាតំរូវការចាំបាច់ ដែលប្រជាពលរដ្ឋ ត្រូវការសំរាប់ជីវរស់នៅប្រចាំថ្ងៃ។ សព្វថ្ងៃនេះតំរូវការប្រើប្រាស់ទឹកស្អាត ក្នុងរាជធានីភ្នំពេញ ក៏មានការកើនឡើងជា លំដាប់ជារៀងរាល់ថ្ងៃ ដែលជាហេតុធ្វើ ឲ្យបរិមាណទឹកស្អាត សំរាប់ផ្គត់ផ្គង់មានការខ្វះខាត។
ជាមួយគ្នានោះ លោកអគ្គនាយក បានឲ្យដឹងថា រដ្ឋាករទឹកបាននិង កំពុងដាក់បំពង់មេនាំទឹកទំហំ ៨០០មីល្លីម៉ែត្រ នៅផ្លូវជាតិលេខ៤។ គំរោងដាក់បំពង់មេនាំទឹកស្អាត ទំហំ៨០០មីល្លីម៉ែត្រ លើផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅ ដល់ផ្លូវទំនប់កប់ស្រូវ (ផ្លូវលេខ១២០K) ដើម្បីពង្រីកការផ្គត់ផ្គង់ទឹក ទៅដល់សង្កាត់កន្ទោក និងបង្កើនសំពាធទឹក នៅតំបន់ខាងលិចរាជធានីភ្នំពេញ។
លោកអគ្គនាយកបានបន្តថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបាន តបណ្តាញទឹកដល់សហគមន៍ ប្រជាពលរដ្ឋចំណូលទាប ផ្តល់ការឧបត្ថម្ភធន៣០%, ៥០% និង១០០% ចំពោះប្រជាពលរដ្ឋចំណូលទាប ។ ក្នុងនោះមានសហគមន៍ក្នុងក្រុង និងជាយក្រុងចំនួន១៦៤សហគមន៍ គិតចាប់ពីពេលអនុវត្តកម្មវិធី «ផ្តត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋដែលមានចំណូលទាប» រហូតដល់ខែកក្កដាឆ្នាំ ២០១៦នេះ រដ្ឋាករទឹកបានផ្គត់ផ្គង់ទឹកស្អាត ជូនអតិថិជនមានចំណូលទាប សរុបបានចំនួន៣៣,៣០៥បណ្តាញ ស្មើនឹង១១.០៩% នៃចំនួនបណ្តាញសរុប ៣០០,២៣៥បណ្តាញ។ ក្នុងនោះចំណាយអស់ទឹកប្រាក់ សរុបចំនួន ៥,៧១៧,៥៨៧,៥៦០រៀលស្មើនឹង១,៤២៩,៣៩៧ ដុល្លារ។
ជាមួយគ្នានោះ បុគ្គលិករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះចែក និងទទួលពាក្យសុំតបណ្តាញទឹក ជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាន ដើម្បីសម្រួលដល់ការលំបាក របស់បងប្អូនក្នុងការធ្វើដំណើរ មកដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
ចំណែកតបណ្តាញទឹកដល់កម្មករ កម្មការនី សិស្ស និស្សិត ស្នាក់នៅបន្ទប់ជួល លោកអគ្គនាយកបានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ មានម្ចាស់មូលដ្ឋានបន្ទប់ជួល ចំនួន៥៣០៧ទីតាំង បានស្ម័គ្រចិត្តធ្វើកិច្ចសន្យា យល់ព្រមអនុវត្តតាមគោលការណ៍ខាងលើ គិតជាចំនួនបន្ទប់ជួលមាន ចំនួន១១៤៣៦១បន្ទប់ ស្មើនឹង១២៦.៤០% ដើម្បីចូលរួមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា ទាំងនេះ គឺជាការខិតខំប្រឹងប្រឹង របស់មន្រ្តីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្រោមការដឹកនាំរបស់ ក្រុមប្រឹក្សាភិបាលរដ្ឋាករទឹក ក្រសួងអាណាព្យាបាលទាំងពីរ ជាពិសេស ក្រោមការដឹកនាំចង្អុលបង្ហាញរបស់ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម៕