(សៀមរាប)៖ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើមី្បពិភាក្សាករណីគណបក្សសម្ព័ន្ធដើមី្បប្រជាធិបតេយ្យ (LDP) ដែលបានប្រមូលផ្តុំគ្នា ១សប្តាហ៍មកជួបជុំគ្នា ៤ដង នៅក្នុងភូមិសាស្ត្រភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយពុំបានជូនដំណើរ ឬស្នើសុំច្បាប់អនុញ្ញាតពីអាជ្ញាធរមូលដ្ឋានឡើយ។

ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ កងកម្លាំងទាំងបី អាជ្ញាធរស្រុក ដែលមានការពាក់ព័ន្ធចូលរួម នៅសាលប្រជុំសាលាខេត្តសៀមរាប។

ក្នុងឱកាសនោះលោក នាក់ ណេរ៉ុន ក៏បានវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគ្រប់ស្ថាប័ន្ធ អង្គភាព ដែលប្រចាំការនៅតំបន់ភ្នំគូលែន ភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីកន្លែងការប្រមូលផ្តុំអ្នកគាំទ្រ និងសកម្មជនមកពីបណ្តារាជធានី-ខេត្ត របស់គណបក្សសម្ព័ន្ធដើមី្បប្រជាធិបតេយ្យ នៅចំណុចចំការរបស់លោក ខឹម វាសនា ដោយបានគ្រប់គ្រងបានល្អនូវរាល់សកម្មភាពនៃការចេញចូលរបស់សកម្មជនទាំងនោះ។

អភិបាលរងខេត្តបានបន្តថា «ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧មក ក្រុមអ្នកគាំទ្រ និងសកម្មជន LDP បានធ្វើសកម្មភាពក្នុងការប្រមូលផ្តុំគ្នា នៅក្នុងភូមិសាស្ត្រភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ដោយពុំបានធ្វើការស្នើសុំច្បាប់អនុញ្ញាតពីថ្នាក់មូលដ្ឋានឡើយ ដោយក្នុងមួយសប្តាហ៍ មកជួបជុំគ្នា៤ដងផងដែរ»

លោកថា «រាល់សកម្មភាពទាំងនេះ ជាសកម្មភាពបង្កនូវភាពអនាធិបតេយ្យ ដែលបង្កឱ្យមានភាពអសន្តិសុខ នៅក្នុងមូលដ្ឋាន និងសង្គម ដូចគ្នានឹងការប្រមូលផ្តុំនៅចំណុចចំការរបស់លោក ខឹម វាសនា កន្លងមក»

លោកបានបញ្ជាក់ថា មកដល់ពេលនេះ ប្រជាពលរដ្ឋដែលបានស្តាប់តាមការឃោសនារបស់លោក ខឹម វាសនា ដែលនៅសេសសល់ប្រមាណជា ៣០០នាក់ មិនព្រមចាកចេញពីដីចំការ១២ហិកតា ហើយបច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅដីចំការនោះ ក៏បានកំពុងរុករានទន្ទ្រានយកដីប្រជាពលរដ្ឋនៅជាប់តំបន់នោះផងដែរ។

លោក នាក់ ណេរ៉ុន ក៏បានជំរុញ និងដាក់ចេញវិធានការមួយចំនួនដល់អាជ្ញាធរស្រុក កងកម្លាំងទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឹងម៉ាត់ ទៅតាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើមី្បរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក កងកម្លាំងមានសមត្ថកិច្ច បន្តពង្រឹង និងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ឱ្យបានជាប្រចាំជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរផងដែរ។
កត្តាសំខាន់ដែលអាជ្ញាធរ និងសមត្ថកិច្ចត្រូវធ្វើការអនុវត្តជាបន្ទាន់នោះលើការត្រួតពិនិត្យ ចំពោះគណបក្សសម្ព័ន្ធដើមី្បប្រជាធិបតេយ្យ ធ្វើការជួបជុំគ្នានេះមានបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន ទៅតាមផ្លូវច្បាប់ដែរ ឬទេ។

ដោយឡែក ចំពោះការជួបជុំដែលគ្មានសុំការអនុញ្ញាតពីអាជ្ញាធរនោះ គឺដាច់ខាតមិនឱ្យមានការប្រមូលផ្តុំនេះឡើយ ហើយបើមិនគោរពទៅតាមការណែនាំរបស់អាជ្ញាធរនោះទេ កម្លាំងសមត្ថកិច្ចត្រូវអនុវត្តទៅតាមផ្លូវច្បាប់៕