(តាកែវ)៖ លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានណែនាំសមត្ថកិច្ចឲ្យចុះល្បាតនៅតាមដងផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ ឲ្យបានញឹកញាប់ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ក្រុមក្មេងទំនើង ដែលតែងតែនាំគ្នាគប់កញ្ចក់រថយន្តឲ្យមានការរិះគន់ពីមហាជន។
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយមន្រ្តីនគរបាលយុត្តិធម៌ ស្តីពីបញ្ហាដែលត្រូវបានប្រឈម និងការដោះស្រាយក្នុងការអនុវត្តច្បាប់ តាមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៣, លោក ឯក ឆេងហួត បានណែនាំមន្រ្តីនគបាលយុត្តិធម៌ទាំងអស់ ឲ្យយកចិត្តទុកដាក់អនុវត្តន៍លើការងារមួយចំនួនឲ្យបានប្រសើរឡើង ក្នុងនោះរឿងការឃាត់ខ្លួនជនសង្ស័យ ការឆែកឆេរ រឿងចរាចរណ៍ និងបញ្ហាគ្រឿងញៀនជាដើម។
នៅក្នុងឱកាសនោះ លោកព្រះរាជអាជ្ញា ក៏បានណែនាំមន្រ្តីនគបាលយុត្តិធម៌ ត្រូវចុះអប់រំផ្សព្វផ្សាយច្បាប់ដល់យុវជន នៅតាមសាលាឲ្យបានជាប់ជាប្រចាំជាពិសេស ដើម្បីទប់ស្កាត់សកម្មភាពទាំងនេះ ក៏ដូចជាបទល្មើសផ្សេងៗ រួមទាំងការប្រើហិង្សាដាក់គ្នានៅតាមដងផ្លូវផងដែរ៕