(បាត់ដំបង)៖ អាជ្ញាធរសវនកម្មជាតិ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា» នៅខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកបណ្ឌិត សួន សិទ្ធី អគ្គសវនកររង តំណាងលោកស្រីបណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធសវនកម្មជាតិ និងមានការចូលរួមពីលោក អេ សារុម សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ផេង សិទ្ធី អភិបាលរង តំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង។

ពិធីនេះក៏មានការអញ្ជើញចូលរួមថ្នាក់ដឹកនាំ និងមន្ត្រី នៅតាមមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំក្រុង/ស្រុក និង ឃុំ/សង្កាត់ នៃរដ្ឋបាលខេត្តបាត់ដំបង សរុបប្រមាណ២០០នាក់។

លោក ផេង សិទ្ធី បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅព្រមទាំងបានកត់សម្គាល់ថា សម្រាប់រដ្ឋបាលខេត្តបាត់ដំបង ការរៀបចំឲ្យមានអង្គសិក្ខាសាលានាពេលនេះ, គឺជាឱកាសដ៏វិសេសវិសាលមួយ ក្នុងការស្វែងយល់អំពី «ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រម្ពុជា»។

ក្នុងឱកាសនោះលោកបណ្ឌិត សួន សិទ្ធី បានគូសបញ្ជាក់ថា អង្គសិក្ខាសាលានាពេលនេះ មានគោលដៅបញ្រ្ចាប និងបង្កើនការយល់ដឹងអំពីតួនាទី និងភារកិច្ចសវនកម្មផ្ទៃក្រៅរាជរដ្ឋាភិបាល ដែលអនុវត្តមុខងារនេះដោយ អាជ្ញាធរសវនកម្មជាតិ ជូនដល់មន្ត្រីរាជការដែលបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីទទួលបានការគាំទ្រ និងកិច្ចសហការកាន់តែល្អប្រសើរ។ យន្តការនេះ នឹងជួយអាជ្ញាធរសវនកម្មជាតិអនុវត្តការងារសវនកម្មប្រកប ដោយគុណភាពខ្ពស់ ក្នុងការសម្រេចគោលបំណងធ្វើឲ្យមានអភិបាលកិច្ចល្អ និងចូលរួមចំណែកកាត់បន្ថយ និងទប់ស្កាត់នូវរាល់កំហុសឆ្គងលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ការគ្រប់គ្រងធនធានទ្រព្យសម្បត្តិរដ្ឋ ដើម្បីឈានទៅបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ។

លោកបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ អគ្គលេខាធិការរង និងជាគ្រូឧទ្ទេសនាម នៃអាជ្ញាធរសវនកម្មជាតិ បានធ្វើបទឧទ្ទេសនាម «ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា»
ដោយកំណត់លើ ៤ ចំណុច សំខាន់ៗ រួមមាន៖

*ទី១-សាវតាស្ថាប័នអាជ្ញាធរសវនកម្មជាតិ
*ទី២-ហេតុអ្វីត្រូវមានច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា
*ទី៣-ខ្លឹមសារនៃច្បាប់សវនកម្មនៃព្រះរាជាណាចក្រកម្ពុជា
*ទី៤-ស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្ត្រីរាជការ និងកងម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីថ្នាក់ក្រុង/ស្រុក សង្កាត់/ឃុំ ទាំងអស់ ចំណុះរដ្ឋបាលខេត្តបាត់ដំបង។

លោកបណ្ឌិតបានបន្តថា អាជ្ញាធរសវនកម្មជាតិ គឺជាស្ថាប័នសាធារណៈឯករាជ្យអំពីកិច្ចប្រតិបត្តិការការងារនិងមានភារកិច្ចធ្វើ ការត្រួតពិនិត្យ និងផ្តល់អនុសាសន៍កែតម្រូវ លើរាល់កំហុសឆ្គងរបស់អង្គភាពរងសវនកម្ម ព្រមទាំងផ្ញើររបាយការណ៍សវនកម្មជូនស្ថាប័ននីតិប្បញ្ញត្តិ ពោលគឺ រដ្ឋសភា និងព្រឹទ្ធសភា និងចម្លងជូនរាជរដ្ឋាភិបាល ហើយរបាយការណ៍សវនកម្មត្រូវបានផ្សព្វផ្សាយជាសាធារណៈ។

ក្នុងឱកាសនោះដែរ លោកក៏បានឡើងធ្វើបទបង្ហាញនិងពន្យល់ពីខ្លឹមសារយ៉ាងលម្អិត ដល់អង្គសិក្ខាសាលាទាំងមូលបានយល់ជ្រាប និងបើកឲ្យមានការសួរចម្ងល់ព្រមទាំងធ្វើការបកស្រាយដល់សិក្ខាកាម បានយល់ច្បាស់វិញផងដែរ។

បន្ទាប់ពីបានធ្វើបទបង្ហាញដល់សិក្ខាកាមរួចមក នារសៀលថ្ងៃដដែល សិក្ខាសាលាផ្សព្វផ្សាយ «ច្បាប់ស្តីពីសវនកម្មនិងស្តង់ ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា» នៅរដ្ឋបាលខេត្តបាត់ដំបងត្រូវ
បានធ្វើពិធីបិទអង្គសិក្ខាសាលារយៈពេល១ថ្ងៃនេះ បានបញ្ចប់ដោយជោគជ័យ។

លោកបណ្ឌិត សួន សិទ្ធី បានថ្លែងអំណរគុណដល់សិក្ខាកាមទាំងអស់ ដែលបានអញ្ជើញមកមកចូលរួមសិក្ខាសាលាផ្សព្វផ្សាយ «ច្បាប់ស្តីពីសវនកម្មនិងស្តង់ដារ សវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា» នៅខេត្តបាត់ដំបងផងដែរ។

លោកបន្តថា ការធ្វើសវនកម្មមានទាំងថ្នាក់ជាតិ មានស្ថាប័ន ក្រសួងនានានៃរាជរដ្ឋាភិបាល ទៅតាមច្បាប់បានកំណត់ទុករួចហើយ និងថ្នាក់ក្រោមជាតិ មានខេត្តមន្ទីរអង្គភាពរដ្ឋនានា ក៏ដូចជាក្រុមហ៊ុនឯកជន នានាគ្រប់ប្រភេទ សូម្បីតែអង្គភាពអគ្គសវនកម្មខ្លួនឯងបើមានភាពមិនប្រក្រតី ថ្នាក់លើត្រូវជាតិ ត្រូវបង្កើតគណៈកម្មការពិសេសចុះត្រួតពិនិត្យផ្ទៃក្នុងខ្លួនឯង ដើម្បីជំរុញឲ្យមានតម្លាភាពផងដែរ៕