(បាងកក)៖ ចំពោះមុខក្រសែភ្នែកជាតិ និងអន្តរជាតិ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសយ៉ាងច្បាស់លាស់ថា ប្រទេសថៃនឹងរៀបចំការបោះឆ្នោតសកល នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ ហើយសាធារណជនមិនចាំបាច់ភ័យព្រួយថា រដ្ឋាភិបាលយោធារបស់លោក នឹងពន្យាពេលនោះឡើយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយ Channel News Asia នារសៀលថ្ងៃអង្គារ ទី០៩ ខែសីហា ឆ្នាំ២០១៦។
ការថ្លែងខាងលើបានធ្វើឡើងនៅថ្ងៃអង្គារនេះតែម្តង បន្ទាប់ពីប្រទេសថៃបានបញ្ចប់ទៅដោយជោគជ័យនូវការបោះឆ្នោតធ្វើប្រជាមតិកាលពីថ្ងៃអាទិត្យ ដែលបានបង្ហាញពីភាពជោគជ័យ ចំពោះការដឹកនាំមួយរយៈរបស់លោក ប្រាយុទ្ធ ខណៈប្រជាជនថៃ ជាង ៦០ភាគរយឯណោះ បានបង្ហាញការគាំទ្រ ចំពោះរដ្ឋធម្មនុញ្ញថ្មី ដែលរដ្ឋាភិបាលលោក បានកែសម្រួល ស្ថិតនៅក្នុងគោលដៅ បញ្ចប់ភាពចលាចលផ្នែកនយោបាយនៃប្រទេស អាស៊ានមួយនេះ។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ប្រាយុទ្ធ ខាងលើនេះបានកើតឡើង បន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេស អាមេរិកលោកស្រី Elizabeth Trudeau បានប្រាប់ក្នុងបទសង្ខេបព័ត៌មានប្រចាំថ្ងៃចន្ទ ក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា «សហរដ្ឋអាមេរិក បានលើកឡើងពីការព្រួយបារម្ភនានា អំពីសេចក្តីព្រាងនៃរដ្ឋធម្មនុញ្ញថ្មី ជាមួយនឹងរដ្ឋាភិបាលថៃ»។ សហរដ្ឋអាមេរិក បានអំពាវនាវឲ្យប្រទេសថៃធ្វើការបើកទូលាយដល់រដ្ឋាភិបាលស៊ីវិល ឡើងវិញ ដែលវាជាសិទ្ធិសេរីភាព នៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ៕