(ភ្នំពេញ)៖ លោក នុត សុខុម អនុប្រធាន គ.ជ.ប បានអំពាវនាវប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គឺអ្នកកើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦ និងប្រជាពលរដ្ឋដែលគ្រប់អាយុ ១៨ឆ្នាំហើយ ប៉ុន្តែមិនទាន់បានចុះឈ្មោះ បោះឆ្នោត សូមមេត្តាអញ្ជើញ ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ចាប់ ពី ថ្ងៃទី១ ដល់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ នៅតាមសាលាឃុំ សង្កាត់ ឬ/ និងនៅតាមទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅ ដើម្បីបំពេញសិទ្ធិជាម្ចាស់ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
ការអំពាវនាវបែបនេះរបស់លោក នុត សុខុម បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំដើម្បីផ្សព្វផ្សាយអំពីបញ្ជីបោះឆ្នោតចុងក្រោយ អំពីលទ្ធផលបណ្តោះអាសន្ន នៃការចែកលិខិតអញ្ជើញ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ និងសភាពការណ៍ទូទៅមុនចាប់ផ្តើមដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។
ជាមួយគ្នានេះដែរ អនុប្រធាន គ.ជ.ប បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតពីមុន សូមអញ្ជើញទៅពិនិត្យ ឈ្មោះ និងទិន្នន័យរបស់ខ្លួន ដែលមានបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ ឬតាមគេហទំព័ររបស់គ.ជ.ប voterlist.nec.gov.kh (http://www.voterlist.nec.gov.kh/) និងតាម កម្មវិធីទូរសព្ទ App (NEC KH) ក្រែងមានករណីត្រូវកែតម្រូវឱ្យត្រូវទៅក្នុងបញ្ជីបោះឆ្នោត
លោក នុត សុខុម ក៏បានសូមសំណូមពរជាពិសេសដល់គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល ចូលរួមដាក់ភ្នាក់ងារ ឬអ្នកសង្កេតការណ៍ដើម្បី ចូលរួមផ្សព្វផ្សាយជួយជំរុញប្រជាពលរដ្ឋ និងជួយពិនិត្យតាមដានមើលដំណើរការនេះ នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតដើម្បីធានាការអនុវត្តដោយរលូន តម្លាភាព និងជោគជ័យ។
បន្ថែមពីនេះ ក៏សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាចូលរួមសហការ និងថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ធានាបាននូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ព្រមទាំងសូមអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមជួយផ្សព្វផ្សាយ អំពីការងាររៀបចំដំណើរការនេះ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត៕