(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ដំបូង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច គាំទ្រឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើសមភាពយេនឌ័រ ដោយណែនាំឱ្យថ្នាក់ដឹកនាំក្រសួងត្រូវបន្តលើកម្ពស់យេនឌ័របន្ថែមទៀតក្នុងការដំឡើងឋានៈ និងតួនាទីដល់ស្ត្រី ដោយឈរលើមូលដ្ឋានមូលធនមនុស្សដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ អតីតភាពការងារ សីលធម៌ និងគុណធម៌។

ការបង្ហាញការលើកកម្ពស់ដល់ស្ត្រីយ៉ាងដូច្នេះ ធ្វើឡើងក្នុងកិច្ចប្រជុំនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងអធិការកិច្ច។

លោករដ្ឋមន្ត្រីបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានចាត់ទុកការប្រមូលនូវមូលធនមនុស្សដើម្បីបម្រើការងារ ជាមុំមួយនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដូចនេះកិច្ចការជ្រើសរើសមន្រ្តីក្របខណ្ឌត្រូវផ្អែកលើការប្រឡងប្រជែង ដូចប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងកន្លងមកហើយថា «អ្នកចេះគឺជាប់» ចំណែកឯការដំឡើងឋានៈ និងតួនាទី ត្រូវផ្អែកលើគុណាធិបតេយ្យ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តីបានស្នើឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវខិតខំសិក្សារៀនសូត្រ អភិវឌ្ឍខ្លួន និងស្វែងយល់បន្ថែមនូវជំនាញដែលពាក់ព័ន្ធនឹងវិស័យដែលមន្ត្រីទទួលភារកិច្ច ដូចជាវិស័យអធិការកិច្ច ការកសាងលិខិតរដ្ឋបាល លិខិតបទដ្ឋានគតិយុត្តផ្សេងៗ និងបច្ចេកវិទ្យា៕