(កោះកុង)៖ លោកវរសេនីយ៍ឯក ដូង វណ្ណា អធិការនគរបាលស្រុកស្រែអំបិល ខេត្តកោះកុង ដែលទើបប្រកាសចូលកាន់តំណែងរយៈពេល១០ថ្ងៃ បានចេញមកបដិសេធចំពោះការចោទប្រកាន់ថា លោកទទួលបានសំណូក ពីម្ចាស់ទីតាំងបើកល្បែងស៉ីខុសច្បាប់ ដើម្បីជាថ្នូរនឹងការមិនបង្ក្រាបបទល្មើសទីតាំងល្បែងស៊ីសង ជល់មាន់ និងឆ្នោតឡូតូតាមអនឡាញ នៅក្នុងមូលដ្ឋាន។

ក្នុងសេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៩៖១៤នាទី អធិការដ្ឋាននគរបាលស្រុកស្រែអំបិល បានបញ្ចុះកម្លាំងវេនប្រចាំបញ្ហា កម្លាំងអន្តរាគមន៍ និងកម្លាំងជំនាញ បានចុះធ្វើការហាមឃាត់ទីតាំង លេងល្បែងបញ្ជល់មាន់តាមរនឡាញខុសច្បាប់មួយកន្លែងស្ថិតក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ដោយម្ចាស់ក្រុមហ៊ុនមិនមានវត្តមានក្នុងទីតាំង មានតែបុគ្គលិកចំនួន២នាក់។

ហេតុដូច្នេះកម្លាំងអធិការដ្ឋាន ក៏បានយកសម្ភារទាក់ទងក្នុងការប្រកបអាជីវកម្មមួយចំនួន ថវិកាចំនួន១,១១៩,០០០រៀល និងបុគ្គលិកទាំងពីរនាក់មកកាន់ផ្នែកជំនាញអធិការដ្ឋាន ដើម្បីធ្វើកិច្ចសន្យា អប់រំណែនាំ បញ្ឈប់សកម្មភាព របស់ខ្លួនតទៅទៀត ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអនុវត្តគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព។

លុះព្រឹកឡើងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងផ្នែកជំនាញ ក៏បានប្រគល់សម្ភារជូនក្រុមហ៊ុនវិញគ្រប់ចំនួន ដោយមិនបានទាមទារអ្វីឡើយ។ ចំពោះថវិកាចំនួន ១,១១៩,០០០រៀល ឈ្មោះ ស សុខកុសល្យ តំណាងក្រុមហ៊ុនបញ្ជល់មាន់អនឡាញ បានប្រគល់ជូនអធិការដ្ឋានដើម្បីសាងសង់រោងបាយ ក្នុងអង្គភាពដោយពុំទាមទារវិញឡើយ ដោយមានលិខិតប្រគល់ចំពោះសមត្ថកិច្ចជំនាញ។

អធិការដ្ឋាននគរបាលស្រុកស្រែអំបិល សូមបញ្ជាក់ថា រាល់ការចុះផ្សាយអត្ថបទរបស់ក្នុងគេហទំព័រមួយចំនួន គឺមិនពិតប្រាកដឡើយ អធិការដ្ឋាននគរបាលស្រុកស្រែអំបិល សូមធ្វើការបដិសេធទាំងស្រុង ព្រោះការចុះផ្សាយមិនមានមូលដ្ឋានច្បាស់លាស់ និងមិនបានគោរពតាមវិជ្ជាជីវៈជាអ្នកសារព័ត៌មាន។

កម្លាំងអធិការដ្ឋានននគរបាលស្រុក បញ្ចុះកម្លាំងជំនាញ និងកម្លាំងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលចុះធ្វើកិច្ចសន្យា លួចលេងល្បែងស៊ីសងគ្រប់ប្រភេទ មានបញ្ជល់មាន់អនឡាញជាដើម បានចំនួន៥ទីតាំងដែលមានសកម្មភាពក្នុងឃុំស្រែអំបិល៕