(ភ្នំពេញ)៖ ឱកាសការងារសរុបចំនួន៤៤១កន្លែងពីក្រុមហ៊ុនធំៗចំនួន៧ នឹងត្រូវនាំមកជូនយុវជនសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងារប្រចាំខែដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សម្រាប់យុវជន សិស្ស/និស្សិត និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ លើសពីនេះ សម្រាប់អ្នកស្វែងរកការងារដែលមិនទាន់បានរៀបចំ CV ហើយត្រូវការជំនួយក្នុងការរៀបចំឲ្យមានភាពត្រឹមត្រូវ និងទាក់ទាញ សូមទាក់ទងមកមជ្ឈមណ្ឌលការងាររបស់ NEA តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥។

លោក ស្រី សំឆៃយ៉ា អ្នកគ្រប់គ្រងធនធានមនុស្សក្នុងក្រុមហ៊ុន AEON CAMBODIA លើកឡើងថា កន្លងមកខាងក្រុមហ៊ុនបានសហការជាមួយនឹង NEA ក្នុងការជ្រើសរើសបុគ្គលិកជាច្រើនលើកច្រើនសារណាស់មកហើយ។ ជាមួយគ្នានេះដែរ បច្ចុប្បន្ននេះ AEON មានបុគ្គលិកជាច្រើនដែលកំពុងបម្រើការងារនៅតាមផ្នែកផ្សេងៗក្នុងក្រុមហ៊ុន ដែលត្រូវបានជ្រើសរើសចេញពីការសហការជាមួយនឹង NEA នាពេលកន្លងមក។ លោកបញ្ជាក់បន្តថា NEA ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជួយដល់ក្រុមហ៊ុន ក្នុងការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាព និងសក្តានុពល។

លោកបញ្ជាក់ទៀតថា ចំពោះការចូលរួមជាមួយ NEA នាថ្ងៃខាងមុខនេះ ក៏នឹងរួមចំណែកដ៏សំខាន់ក្នុងការជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព និងទាន់តម្រូវការរបស់ស្ថាប័ន និងថែមទាំងចូលរួមចំណែកជួយសិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារឲ្យមានឱកាសជួបសម្ភាសការងារផ្ទាល់ជាមួយនឹងតំណាងនិយោជកផងដែរ។

លោក ឆៃយ៉ា ក៏បានអំពាវនាវដល់អ្នកស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ ពិសេសសិស្ស/និស្សិតដែលនឹងមកចូលរួមក្នុងវេទិកាការងារនាពេលខាងមុខ សូមរៀបចំខ្លួនឱ្យបានស្អាត និងត្រៀមប្រវត្តិរូបសង្ខេបឱ្យបានច្រើន ព្រោះមានក្រុមហ៊ុនជាច្រើនដែលនឹងចូលរួមក្នុងវេទិកាការងារនេះផងដែរ។

សូមជម្រាបថា ក្រុមហ៊ុនធំៗទាំង៧ដែលចូលរួមជ្រើសរើសបុគ្គលិកតាមរយៈវេទិការងារលើកនេះ រួមមាន៖ ក្រុមហ៊ុន ANGKOR DATA COMMUNICATION GROUP CO.,LTD (A D C)/Mekong Net, Jaccs Microfinace (Cambodia)Plc , AEON SPECIALIZED BANK (CAMBODIA) PLC., ក្រុមហ៊ុន ម៉ាស្ទើរ ស៊ុគីស៊ុប, ក្រុមហ៊ុនAeon cambodia, ក្រុមហ៊ុន  COGETEL Ltd. (ONLINE) និងក្រុមហ៊ុនGATHER GROUNDS។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៉ីអេ ខ្មែរ)៕