(ព្រៃវែង)៖ យ៉ាងហោចណាស់ស្រូវប្រមាណជិត១.៦លានតោន ត្រូវបាននាំចេញពីខេត្តព្រៃវែងទៅលក់នៅប្រទេសវៀតណាម ដោយទទួលបានចំណូលជិត៤០០លានដុល្លារអាម៉េរិក ត្រឹមរយៈពេល៩ខែ ដើមឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ។
របាយការណ៍របស់មន្ទីរកសិកម្មខេត្តព្រៃវែងបានឱ្យដឹងថា «ខេត្តព្រៃវែង រយៈពេល៩ខែ ដើមឆ្នាំ២០២៣ បរិមាណស្រូវនាំចេញក្រៅផ្លូវការទៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២៣ សរុបមានចំនួន១,៥៨៩,៧៤០តោន ដែលស្មើនឹងចំណូលសរុប ៣៩៣,១៥១,២៦២ដុល្លារ»។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង បានបន្ថែមថា ផលិតកម្មដំណាំស្រូវរដូវវស្សា (គិតត្រឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣) អនុវត្តបានលើផ្ទៃដីព្រោះសរុប២៦០,៩០៧ហិកតា ស្មើនឹង១០៤.៣៦% នៃផែនការ២៥០,០០០ហិកតា ធៀបនឹងឆ្នាំមុនទាបជាង៨,៤២៦ហិកតា (គិតក្នុងរយៈពេលដូចគ្នា)។ ប្រមូលផលស្រូវស្រាលដើមរដូវសម្រេចបាន៧៨,៨៥៣ហិកតា ស្មើនឹង៣០.២២% នៃផ្ទៃដីអនុវត្តបានសរុប ២៦០,៩០៧ហិកតា បរិមាណផលសរុប៣៤៤,៩៤៤តោន។
លោកបានបន្តថា តម្លៃស្រូវជាមធ្យម ស្រូវ IR50404 តម្លៃ១,២០០៛/គីឡូក្រាម ស្រូវ OM5451 តម្លៃ១២៥០៛/គីឡូក្រាម។ ចំពោះការនាំស្រូវទៅលក់នៅប្រទេសវៀតណាម គឺមានច្រកពីសំខាន់ គឺច្រកអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្តេច ងច្រកអន្តរជាតិកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។
លោកបានបន្ថែមថា ចំពោះផលិតកម្មដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មរដូវវស្សា (គិតត្រឹមថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣) ដំណាំសាកវប្បកម្ម មានបន្លែគ្រប់មុខ ពោតស ឪឡឹក និងម្ទេសគ្រប់មុខ សម្រេចបានលើផ្ទៃដីសរុប១,៣៧៧ហិកតាស្មើនឹង១១៤.៨៦%នៃផែនការ១,១៩៨ហិកតា។ ប្រមូលផលសរុប៩៤៦ហិកតា បរិមាណផលសរុប១៣,៨៧៥តោន។ ដំណាំឧស្សាហកម្ម មានពោតក្រហម សណ្ដែកបាយ សណ្ដែកដី ល្ង អំពៅ ដំឡូងមី និងឈូក សម្រេចបានលើផ្ទៃដីសរុប៣,៩៣០ហិកតា ស្មើនឹង៧២.៧៨%នៃផែនការ៥,៤០០ហិកតា។ ប្រមូលផលសរុប១,០០៧ហិកតា បរិមាណផលសរុប៥,៩៣០តោន។
លោក អ៊ុក សំណាង បានបន្តថា ការនាំចេញផ្លែស្វាយស្រស់ក្រៅផ្លូវការទៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ សរុបមានចំនួន៧៨,០៧៤តោន (រួមទាំងស្ទាយឆ្លងកាត់) តម្លៃផ្លែស្វាយជាមធ្យម៨៤០៛/គីឡូក្រាម ចំណូលសរុប១៦,៤៧៣,៦១៤ដុល្លារ។ ដោយឡែកក្នុងសប្ដាហ៍នេះសរុបមានចំនួន២៦៩តោន ចំណូលសរុប៥៦,៧៥៩ដុល្លារផងដែរ៕