(ភ្នំពេញ)៖ លោក នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ គ.ជ.ប តាមរយៈលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ដែលសហការអនុវត្តដោយផ្ទាល់ជាមួយអាជ្ញាធរឃុំ សង្កាត់ ជាពិសេសមេភូមិបានចុះចែកលិខិតអញ្ជើ ញជូនដល់ប្រជាពលរដ្ឋបាន ចំនួន ៥,៧៧៥,៣១៣នាក់ ស្មើនឹង ៥៩,៤៧ភាគរយ នៃចំនួនលិខិតអញ្ជើញដែល គ.ជ.ប បានបោះពុម្ព។

ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត សម្រាប់ឆ្នាំ២០២៣ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោក នុត សុខុម បានបញ្ជាក់ថា ការងារចុះចែកលិខិតអញ្ជើញនេះនៅតែបន្តរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

ជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានថ្លែងថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២២ មានចំនួន ៩,៧១០,៦៥៥នាក់ ក្នុងនោះស្រ្តីមានចំនួន ៥,១៦១,៩០៩នាក់។ យោងតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ដំណើរការនៃការចែកលិខិតអញ្ជើញជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ នៅតាមភូមិក្នុងឃុំ សង្កាត់ ទូទាំងប្រទេស មានរយៈពេល ៣០ថ្ងៃ គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។  

លោក នុត សុខុម បានបន្ថែមថា គោលដៅនៃការចែកលិខិតអញ្ជើញជូនដល់ប្រជាពលរដ្ឋ គឺដើម្បីឱ្យប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ បានពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនតាមឈ្មោះ និងទិន្នន័យផ្លូវការ ដែលមានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមា ន សុពលភាព និងដើម្បីអញ្ជើញប្រជាពលរដ្ឋមកកែតម្រូវ ឬធ្វើបច្ចុប្បន្នភាពជាមួយក្រុមចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់។

ទន្ទឹមនឹងនេះដែរ លោកបានគូសបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣នេះ ត្រូវបានរៀបចំនៅ ក្នុងសភាពការណ៍ដែលស្ថានភាពសង្គម សេដ្ឋកិច្ច និងនយោបាយនៅកម្ពុជា មានការវិវឌ្ឍល្អប្រសើរ នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានអត្រាអ្នកបោះឆ្នោតខ្ពស់គឺ ៨៤,៥៩ភាគរយ និងក្រោយពេលដែលរដ្ឋសភាថ្មី និងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានបង្កើត និងចូលកាន់តំណែងក្នុងពេលថ្មីៗកន្លងទៅ។

អនុប្រធាន គ.ជ.ប រូបនេះ បានអះអាងថា កត្តាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមនេះហើយ ដែលធ្វើឱ្យ គ.ជ.ប មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការរៀបចំចាត់ចែងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនាពេលខាងមុខនេះ៕