(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែតទាំងអស់ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦នេះ បានប្រកាសគាំទ្រទាំងស្រុង នូវលិខិតចំហររបស់ ក្រសួងសុខាភិបាល ដែលចេញប្រតិកម្មភ្លាមៗ ទៅលើលិខិតមិត្តអ្នកអានមួយ «ក្រសួងខ្លះភ្ញាក់រឭក ខណៈសុខាភិបាលសម្ងំដេក» ដែលសរសេរក្នុងកាសែតភ្នំពេញប៉ុស្តិ៍។
ការចេញប្រតិកម្មនេះ បានបញ្ជាក់ថា មន្ទីរមិនទទួលយកជាដាច់ខាត ចំពោះពាក្យថា «សុខាភិបាលសម្ងំដេក» ព្រោះសព្វថ្ងៃថ្នាក់ដឹកនាំមន្ទីរ មន្រ្តីរាជការ វេជ្ជបណ្ឌិត គ្រូពេទ្យ ទន្តបណ្ឌិត ទន្តពេទ្យ ឱសថការី គិលានុបដ្ឋាកយិកា ពេទ្យឆ្មប និងបុគ្គលិកទាំងអស់ របស់មន្ទីរកាល់ម៉ែត បាននិងកំពុងខិតខំប្រឹងប្រែងបំពេញភារកិច្ច តាមតួនាទីរៀងៗខ្លួន យ៉ាងសកម្ម និងហ្មត់ចត់ ដើម្បីផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុខសុវត្ថិភាព និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ទាំង២៤ម៉ោងលើ២៤ម៉ោង គ្មានថ្ងៃសម្រាក គ្មានថ្ងៃបុណ្យ គ្មានថ្ងៃលំហែកាយទេ។
លិខិតមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា «១.វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលធំធេង ដែលបាននិងកំពុងបន្តលើកកម្ពស់ក្នុងវិស័យសុខាភិបាលកម្ពុជា ដូចមានសូចនាករបញ្ជាក់យ៉ាងប្រត្យក្ស ជាលក្ខណៈវិទ្យាសាស្រ្ត បែបគតិបណ្ឌិត និងដែលមានការទទួលខុសស្គាល់ជាអន្តរជាតិ ហើយដែលកើតចេញបានមក ដោយការខិតខំបំពេញភារកិច្ចឥតគិតអំពីកាតនឿយហត់ទាំងថ្ងៃទាំងយប់ ពីមន្ត្រីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស, ទី២.ចូលរួមជាជំហរដោះស្រាយបញ្ហាប្រឈមទាំងឡាយ ក្នុងវិស័យសុខាភិបាល ដែលកើតមានជាយថាហេតុ នៅគ្រប់ទីកន្លែង ក្នុងព្រះរាជាណាចក្រកម្ពុជា លើគ្រប់ទិដ្ឋភាពទាំងពេលកន្លងមក បច្ចុប្បន្ន និងអនាគត ដែលជួយធានាបាននិរន្តភាព នៃសុខមាលភាពប្រជាពលរដ្ឋក្នុងសង្គម ជាកត្តាគន្លឹះមិនអាចខ្វះបាន ដើម្បីមាតុភូមិយើងទទួលបាននូវការរីកចម្រើនដូចពេលបច្ចុប្បន្ន, ទី៣.អនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យសុខាភិបាល ដូចមានជាសមិទ្ធផលជាក់ស្ដែង ចំពោះមុខក្នុងការលើកស្ទួយសុខមាលភាពប្រជាពលរដ្ឋ ទាំងហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាវេជ្ជសាស្រ្ត ការបណ្ដុះបណ្ដាលធនធានមនុស្ស ដ៏មានគុណភាព ក្នុងគោលដៅកាត់បន្ថយអត្រាមរណភាព និងកាត់បន្ថយការឈឺចាប់បានកាន់តែប្រសើរ»៕