(ភ្នំពេញ)៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំពិធីបើកអង្គសិក្ខាសាលា ពិនិត្យលើសេចក្ដីព្រាងកម្មវិធីបណ្ដុះបណ្ដាល និងកម្មវិធីបណ្ដុះបណ្ដាលសាកល្បងនៃគម្រោង «កសាងសមត្ថភាពស្ដីពី វិធីសាស្រ្តថែទាំផ្លូវ-ថ្នល់ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព នៅបណ្ដាប្រទេសកម្ពុជា-ឡាវ-ណាម»។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៅសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ (Raffles Hotel Le Royal) រាជធានីភ្នំពេញ ព្រមទាំងមានសិក្ខាកាមប្រមាណ ៦៥នាក់។
ថ្លែងនាឱកាសនោះលោក ហឿន សំនៀង បានបញ្ជាក់ថា ចាប់តាំងពីការប្រែក្លាយនិងតម្លើងមកជាវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន អស់រយៈពេលជាងបីឆ្នាំកន្លងមកនេះ ថ្នាក់ដឹកនាំ និងក្រុមការងាររបស់វិទ្យាស្ថានបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្ម ទាំងការងារស្នូល និងការស្វែងរកកិច្ចសហការ គាំទ្រពីដៃគូជាតិ និងអន្តរជាតិ ក្នុងគោលដៅឆ្ពោះទៅរកចក្ខុវិស័យរួម របស់វិទ្យាស្ថានផ្ទាល់ ក៏ដូចជារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលគោលដៅនោះគឺ ការកសាង និងពង្រឹងធនធានមនុស្សក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។
កម្មវិធីសិក្ខាសាលាពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងកម្មវិធីបណ្តុះបណ្តាល និងការបណ្តុះបណ្តាលសាកល្បងនៃគម្រោងកសាងសមត្ថភាព ស្តីពីវិធីសាស្រ្តថែទាំផ្លូវ-ថ្នល់ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព នៅបណ្តាប្រទេសកម្ពុជា ឡាវ និងវៀតណាម នាឱកាសនេះគឺជាសក្ខីភាពនៃសមិទ្ធិផលថ្មីមួយទៀត របស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលនឹងឈានឆ្ពោះទៅការរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសស្តីពីវិធីសាស្រ្តថែទាំផ្លូវ-ថ្នល់ មិនសម្រាប់តែប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសវៀតណាម និងឡាវ ផងដែរ។
លោក ហឿន សំនៀង បានបន្ថែមថា សិក្ខាសាលាពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងកម្មវិធីបណ្តុះបណ្តាល និងការបណ្តុះបណ្តាលសាកល្បងនេះ គឺជាការចាំបាច់ណាស់ ដែលត្រូវការ ការចូលរួមចំណែកពីភាគីពាក់ព័ន្ធ ជួយពិនិត្យផ្ទៀងផ្ទាត់ ផ្តល់ធាតុចូល និងយោបល់បន្ថែមទៅលើលទ្ធផលនៃការរៀបចំកម្មវិធីបណ្តុះបណ្តាល ឬហៅថា សេចក្តីព្រាងកម្មវិធីបណ្តុះបណ្តាល ក្នុងន័យជួយកែលម្អឱ្យការរៀបចំវគ្គបណ្តុះបណ្ដាលជូនដល់សិក្ខាកាមគោលដៅនៃគម្រោងនេះ កាន់តែល្អប្រសើរឡើង និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ កិច្ចពិភាក្សាមួយនេះក៏បានផ្តល់ឱកាសដល់ប្រទេសទាំងបី ដើម្បីសិក្សាពីគ្នាទៅវិញទៅមក ដែលជាផ្នែកសំខាន់មួយទៀត ដែលនឹងនាំមកនូវផលប្រយោជន៍រួមទាំងថ្នាក់ជាតិ និងអន្តរជាតិ។
លោក ហឿន សំនៀង ក៏បានស្នើសុំកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការបន្តចូលរួមសហការ ក៏ដូចជាផ្តល់មតិយោបល់កែលម្អ ជំរុញឱ្យអាចសម្រេចបាននូវវគ្គបណ្តុះបណ្តាលបច្ចេកទេសស្តីពីវិធីសាស្រ្តថែទាំផ្លូវ-ថ្នល់ ដ៏សំខាន់ សម្រាប់ប្រទេសកម្ពុជា ឡាវ និងវៀតណាម ក្នុងពេលឆាប់ៗខាងមុខ។ លោកក៏បានថ្លែងអំណរគុណដល់មូលនិធិក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ (MKCF) និងវិទ្យាស្ថានមេគង្គ (Mekong Institute) ដែលបានផ្តល់ឱកាសក្នុងការពិនិត្យ និងការវាយតម្លៃប្រកបដោយសុក្រឹត្យភាព និងបានជ្រើសរើសគម្រោងស្នើសុំរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នេះឡើង៕