(ភ្នំពេញ)៖ បុគ្គលម្នាក់ដែលបង្ហោះសារតាមបណ្ដាញសង្គម Facebook ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស នាយនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចូលទៅសារភាពកំហុស និងសុំទោសជាសាធារណៈនូវរាល់អ្វីដែលខ្លួនបានប្រព្រឹត្តខុសកន្លែងមក ដល់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះថា «បុគ្គលឈ្មោះ ស្រី មាសចាន់តារ៉ា ម្ចាស់គណនី «Srey Measchandara» ភេទប្រុស អាយុ៣៧ឆ្នាំ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ បានចូលមកសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួន ក្រោយបង្ហោះសារតាមបណ្ដាញសង្គម Facebook ប្រឌិតធ្វើឲ្យប៉ះពាល់ដល់កិត្តិយសដល់នាយនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

បុគ្គលឈ្មោះ ស្រី មាសចាន់តារ៉ា សន្យានៅចំពោះមុខសមត្ថកិច្ចថា បញ្ឈប់ការផ្សព្វផ្សាយលើបណ្ដាញសង្គមតាមគ្រប់ប្រភេទ គ្រប់មធ្យោបាយ ដែលនាំឲ្យប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរបាលជាតិ រួមទាំងបណ្ដាអង្គភាពផ្សេងៗ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមអំពាវនាវដល់បណ្ដាសារព័ត៌មានទាំងអស់ ដែលបានចុះផ្សាយព័ត៌មានប្រឌិតជាការបង្ហោះរបស់បុគ្គលឈ្មោះ ស្រី មាសចាន់តារ៉ា កាលពីពេលកន្លងទៅសូមបញ្ឈប់ការចុះផ្សាយ និងសូមធ្វើការកែតម្រូវតាមរបបសារព័ត៌មាន ពិសេសសូមចុះផ្សាយនូវអ្វីដែលការបំភ្លឺ ព្រមទាំងការទទួលស្គាល់កំហុសរបស់ឈ្មោះ ស្រី មាសចាន់តារ៉ា។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមអរគុណចំពោះការចូលរួមសហការពីសំណាក់បងប្អូនអ្នកសារព័ត៌មាន ដើម្បីបញ្ឈប់រាល់សកម្មភាពចុះផ្សាយទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសកងកម្លាំងនគរបាលជាតិ ពិសេសប៉ះពាល់ដល់កិត្តិយសនាយនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ»៕