(ភ្នំពេញ)៖ ពលរដ្ឋម្នាក់ធ្លាប់រងគ្រោះថ្នាក់កម្រិតធ្ងន់ដោយសារខ្សែភ្លើងឆក់ក្នុងពេលធ្វើការនៅរាជធានីភ្នំពេញ ទទួលបានការយកចិត្តទុកដាក់ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ប្រធានក្រុមគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោ (TYDA) ដោយបានណែនាំឱ្យក្រុមគ្រូពេទ្យ TYDA ផ្ដល់ការព្យាបាលរហូតដល់ជាសះស្បើយ។
ពលរដ្ឋខាងលើមានឈ្មោះ មឿន បញ្ញា អាយុ២៣ឆ្នាំ រស់នៅឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលបានរងគ្រោះថ្នាក់ឆក់ខ្សែភ្លើងកម្រិតធ្ងន់ក្នុងពេលធ្វើការនៅរាជធានីភ្នំពេញ ក្នុងកំឡុងពេលកូវីដ-១៩ (កាលពីខែកក្កដា ឆ្នាំ២០២០) ដែលបណ្តាលឱ្យគាត់ត្រូវពិការប្រអប់ដៃ ប្រអប់ជើង មិនអាចកម្រើកម្រាមបាន។ នេះបើតាមការឱ្យដឹងពីលោក ថោង រដ្ឋសក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។
ដំបូងឡើយ លោក ថោង រដ្ឋសក្តិ និងក្រុមការងារបានរកឃើញបងប្រុស មឿន បញ្ញា ក្នុងអំឡុងពេលចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ តាមខ្នងផ្ទះក្នុងភូមិសិរីសាមគ្គីខាងត្បូង ឃុំស្រឡៅ ស្រុកបារាយណ៍ កាលពីពេលកន្លងទៅនោះ។
ដោយមើលឃើញថាបងប្រុស និងក្រុមគ្រួសារពុំមានលទ្ធភាពផ្ទាល់ខ្លួនគ្រប់គ្រាន់ក្នុងការព្យាបាល លោក ថោង រដ្ឋសក្តិ ក៏បានសម្របសម្រួល និងសហការជាមួយលោក ឈួ បូរិទ្ធ សមាជិកក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោ (TYDA) បានបញ្ជូនបងប្រុស មឿន បញ្ញា មកទទួលការសម្រាកព្យាបាលវះកាត់ប្រអប់ដៃ ម្រាមដៃ និងម្រាមជើងជាលើកដំបូង នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញា ដោយវេជ្ជបណ្ឌិតខ្មែរឯកទេសជំនាញខាងសរសៃមកពីប្រទេសបារាំងនៅមន្ទីរពេទ្យព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឃ) រាជធានីភ្នំពេញ ក្រោមការដឹកនាំចង្អុលណែនាំយ៉ាងយកចិត្តទុកដាក់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ប្រធានក្រុមគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោ (TYDA)។
ការសម្រាកព្យាបាលនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្រុស មឿង បញ្ញា ដែលអាចឱ្យគាត់អាចប្រើប្រាស់ដៃ និងជើងរបស់គាត់បានជាធម្មតាវិញ និងអាចប្រកបរបរចិញ្ចឹមជីវិតបានល្អប្រសើរ ហើយដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារ ដែលបច្ចុប្បន្នក្រុមគ្រួសាររបស់គាត់កំពុងមានជីវភាពលំបាក។
បងប្រុស មឿន បញ្ញា តាមរយៈលោក ថោង រដ្ឋសក្តិ និងលោក ឈួ បូរិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ប្រធានក្រុមគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោ (TYDA) ដែលតែងតែយកចិត្តទុកដាក់ជួយព្យាបាលដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលជួបទុក្ខលំបាក ជាពិសេសក្នុងការរ៉ាប់រងចំណាយទាំងស្រុងក្នុងការព្យាបាលជួនគាត់៕