(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារអបអរសាទរក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីយកឈ្នះក្រុមភ្ញៀវម៉ាកាវ ដោយលទ្ធផល ៤-០ នៅរាត្រីថ្ងៃទី១១ ខែកញ្ញានេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

តាមរយៈបណ្ដាញសង្គម សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា «អបអរសាទរ ក្រុមកីឡាករបាល់ទាត់កម្ពុជា បានឈ្នះម៉ាកាវ ក្នុងការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ ២០២៣ ក្នុងលទ្ធផល កម្ពុជា 4-0 ម៉ាកាវ នាល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នេះ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ» ។

លើសពីនេះ សម្ដេចតេជោ ក៏បានជូនពរដល់កីឡាករបាល់ទាត់កម្ពុជាបន្ដនូវភាពជោគជ័យជាបន្ដបន្ទាប់ទៀតផង ។

សូមបញ្ជាក់ថា កំឡុងថ្ងៃ FIFA Day នៅខែកញ្ញានេះ ក្រុមជម្រើសជាតិកម្ពុជា មានការប្រកួតមិត្តភាពអន្ដរជាតិចំនួន ២ប្រកួតលើកទឹកដីរបស់ខ្លួន ដោយប្រកួតទី១ បានស្មើក្រុមភ្ញៀងហុងកុង ១-១ កាលពីថ្ងៃទី០៧ ខែកញ្ញា និងប្រកួតទី២ គឺបានយកឈ្នះក្រុមម៉ាកាវ ៤-០ នៅរាត្រីថ្ងៃទី១១ ខែកញ្ញានេះ ។

សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិទាំង ២ប្រកួតនេះ គឺជាការត្រៀមខ្លួនរបស់ក្រុមជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ជុំទី១ (2026 FIFA World Cup Asian Qualifiers) ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន នាខែក្រោយ ពោលគឺជើងទី១ កម្ពុត្រូវបើកទ្វារផ្ទះទទួលប៉ាគីស្ថាន នាថ្ងៃទី១២ ខែតុលា និងជើងទី២ កម្ពុជា ត្រូវជួបប៉ាគីស្ថាន ក្រៅដីវិញ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខ ៕