(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រកាសឥតងាករេគាំទ្រគោលនយោបាយ រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។
ការប្រកាសនេះបានធ្វើឡើង តាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចសង្គហបណ្ឌិត ម៉ែន សំអន និងបន្ទាប់ពីក្រុមប្រឆាំងមួយចំនួន នៅតែបន្តលើកឡើង ប្រតិដ្ឋនូវព័ត៌មាននានាក្នុងបំណងបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវដល់ជនរួមជាតិ កុំជឿតាមការញុះញង់របស់ក្រុមអគតិទាំងនោះ ដែលតែងព្យាយាមបំផ្លិចបំផ្លាញ សន្តិភាព ស្ថិរភាពនយោបាយ និងរាំងស្ទះដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា និងធ្វើឲ្យសាធារណជនមានការភ័ន្តច្រឡំលើគោលការណ៍ដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។
សម្តេចអំពាវនាវដល់ជនរួមជាតិទាំងអស់ ជួយគាំទ្រដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បំពេញភារកិច្ចរបស់ខ្លួនឲ្យបានសម្រេច និងទទួលបានជោគជ័យយ៉ាងល្អប្រសើរ តាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល៕