(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ នេះ តំណាងសហគមន៍មិត្តប្រាសាទព្រះវិហារ រួមជាមួយនិងអ្នកតវ៉ាមួយចំនួនទៀត បានដាក់ញតិ្តស្នើសុំការ អន្តរាគមន៍ និងថ្កោលទោស ជូនរដ្ឋសភាជាតិ ព្រឹទ្ធសភា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ដើម្បីស្វែងរក យុត្តិធម៌ ថ្វាយព្រះមហាក្សត្រ និងប្រជាពលរដ្ឋកម្ពុជាទាំងមូល ក្នុងករណី លោក ហុង លីម តំណាងរាស្ត្រអូស្ត្រាលី មានដើមកំណើតជាខ្មែរ ដែលបានប្រមាថ មាក់ងាយ មកលើរបបកម្ពុជាបច្ចុប្បន្ន នេះបើយោងតាមលោក ផៃ ស៊ីផាន តំណាងឲ្យក្រុមអ្នកតវ៉ា បានថ្លែងប្រាប់ឲ្យដឹងយ៉ាងដូច្នេះនាវេលាថ្ងៃត្រង់ទី០៩ ខែសីហា ឆ្នាំ២០១៦នេះ។
លោក ផៃ ស៊ីផាន ដែលជាតំណាងក្រុមអ្នកតវ៉ាបានថ្លែងបញ្ជាក់ឲ្យដឹងថា ញត្តិនេះត្រូវបានស្ថានទូតអូស្រ្តាលីទទួលយកដោយក្តីរីករាយ និងស្វាគមន៍ ព្រមទាំងនឹងឆ្លើយតបវិញក្នុងពេលឆាប់ៗ, ចំណែកស្ថាប័នព្រឹទ្ធសភា និងរដ្ឋសភា បានសម្តែងការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះញត្តិនេះ។
ដោយឡែកសម្រាប់ក្រសួងការបរទេសកម្ពុជា, លោក ឡុង វិសាលោ បានលើកឡើងថា នឹងយកញត្តិនេះដាក់ជូនទេសរដ្ឋមន្រ្តី ប្រាក់ សុខន រដ្ឋមន្រ្តីក្រសួង ការបរទេសដើម្បីពិនិត្យ ប៉ុន្តែទោះបីយ៉ាងណាលោក ឡុង វិសាលោ សម្តែងនូវការគាំទ្រចំពោះញត្តិប្រឆាំងនឹងតំណាងរាស្រ្តរូបនោះ។
សូមជំរាបថា នាពេលថ្មីៗនេះ មានមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិល យោធា សមាគម និងក្រុមប្រជាពលរដ្ឋ ជាច្រើននាក់ បានចេញលិខិតថ្កោលទោស ជាបន្តបន្ទាប់ទៅលើ លោក ហុង លឹម តំណាងរាស្រ្តអូស្រ្តាលី។ គោលបំណងរបស់ក្រុមប្រជាពលរដ្ឋខាងលើនេះ គឺដើម្បីឲ្យលោក ហុង លឹម តំណាងរាស្រ្តអូស្រ្តាលី សុំទោសជាសាធារណៈចំពោះ ព្រះមហាក្សត្រខ្មែរ ប្រជាពលរដ្ឋកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ជាបន្ទាន់ ក្នុងករណីនេះជាចាំបាច់ ដោយមិនត្រូវគេចវេសឡើយ៕