(ភ្នំពេញ)៖ នៅឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។
ដើម្បីឱ្យដំណើរការនៃប្រជុំនៅថ្ងៃខាងមុខនេះ ទទួលបាននូវភាពរលូនប្រកប និងជោគជ័យ, នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបការងារ គណៈកម្មការ និងអនុគណៈកម្មការរៀបចំ កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ ដែលប្រព្រឹត្តិទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់មតិណែនាំក្នុងអង្គប្រជុំ ត្រូវយកចិត្ដទុកដាក់ធ្វើកិច្ចការងារឱ្យបានល្អ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីផ្ដល់ភាពកក់ក្ដៅដល់គណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ក្នុងនាមកម្ពុជាយើងធ្វើម្ចាស់ផ្ទះ។
លើសពីនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានស្នើដល់ មន្ដ្រី បុគ្គលិក សមាជិក សមាជិកា និងមន្ដ្រីស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹង និងពង្រីកសមត្ថភាពភាពការងារបន្ថែមទៀត ដើម្បីបំពេញកិច្ចការងារទៅតាមមុខងារដែលខ្លួនទទួលខុសត្រូវឱ្យបានកាន់ច្បាស់លាស់។
បន្ទាប់ពីមានមតិណែនាំ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏មានការបង្ហាញពីរបាយការណ៍បូកសរុប ការតៀមរបស់កាកបាទក្រហមកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ លើកទី២០ និងវេទិកាយុវជនលើកទី២ សមាគមជាតិអាស៊ីអាគ្នេយ៍ (ដោយអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មការ)រៀបចំ៖
* វេទិកាយុវជនលើកទី២០ ពីថ្ងៃទី១៧-២០ ខែកញ្ញា ឆ្នាំ២០២៣
* ពិធីដំាដើមឈើ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣
* កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ ពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២៣ និងបញ្ហាផ្សេងៗទៀត។
គួររម្លឹកថាកិច្ចប្រជុំរសៀលនេះ មានការអញ្ជើញចូលរួមអនុប្រធានអចិន្ដ្រៃយ៍ អនុប្រធាន សមាជិក សមាជិកា និងលេខាធិការនៃគណៈកម្មការ និងអនុគណៈកម្មការ, ក្នុងនោះក៏មានវត្ដមានលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែតផងដែរ។
សូមជម្រាបថា កាកបាទក្រហមកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីសមាគមជាតិអឌ្ឍចន្ទក្រហមព្រុយណេ ធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២២។ ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវអន្តរជាតិរបស់កាកបាទក្រហមកម្ពុជា ក៏ដូចជាការជឿជាក់យ៉ាងមុតមាំរបស់ថា តាមរយៈការធ្វើការរួមគ្នា យើងអាចធ្វើបានកាន់តែច្រើន និងមានឥទ្ធិពលបន្ថែមទៀត។
កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នឹងប្រមូលផ្ដុំថ្នាក់ដឹកនាំកាកបាទក្រហម និងអឌ្ឍចន្ទក្រហម មកពីភូមិភាគអាស៊ីអាគ្នេយ៍, សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ដើម្បីពិភាក្សា និងសម្រេចលើក្តីកង្វល់រួម ដែលសមាជិករួមមាន អឌ្ឍចន្ទក្រហមព្រុយណេ, កាកបាទក្រហមកម្ពុជា, កាកបាទក្រហមឥណ្ឌូនេស៊ី, កាកបាទក្រហមឡាវ, អឌ្ឍចន្ទក្រហមម៉ាឡេស៊ី, កាកបាទក្រហមមីយ៉ាន់ម៉ា, កាកបាទក្រហមហ្វីលីពីន, កាកបាទក្រហមសិង្ហបុរី, កាកបាទក្រហមថៃ, កាកបាទក្រហមទីម័រខាងកើត និងកាកបាទក្រហមវៀតណាម មានគ្នាសរុបប្រមាណ ៤០នាក់។
មុនដំណើរការកិច្ចប្រជុំថ្នាក់ដឹកនាំ នឹងមានរៀបចំវេទិកាយុវជនអាស៊ីអាគ្នេយ៍លើកទី២ ដែលលើកទី១ បានប្រព្រឹត្តទៅនៅទីក្រុងបានដាសេរី បេហ្គាវ៉ាន នៃប្រទេសព្រុយណេ។ វេទិកាយុវជនទី២ ប្រារព្ធធ្វើពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកញ្ញា នឹងមានប្រតិភូយុវជន មកពីសមាគមជាតិទាំង១១ និងមន្ត្រីសម្របសម្រួលមកពីសហព័ន្ធអន្តរជាតិ និងយុវជនកាកបាទក្រហមកម្ពុជា ជា អិល.អូ សរុប ៥៥នាក់។
វេទិកាយុវជននេះ នឹងផ្ដោតសំខាន់លើការកសាងសមត្ថភាពនៃការប្រាស្រ័យទាក់ទង និងដោះស្រាយបញ្ហារបស់យុវជន ដោយប្រើបច្ចេកវិទ្យាឌីជីថល និងវេទិកាផ្សេងៗ ដោយការអនុវត្តវិធីសាស្ត្រ ច្នៃរកដំណោះស្រាយថ្មី ក្នុងការងារមនុស្សធម៌។
គណៈប្រតិភូយុវជនទាំងអស់ គ្រោងនឹងដាំដើមឈើចំនួន ២,០០០ដើមលើផ្ទៃដីជាង ២ហិកតា និងនៅកសិណ ជុំវិញព្រះចុល្លាមុនីចេតិយ នាថ្ងៃទី២០ ខែកញ្ញា នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ក្នុងឧទ្យានជាតិសុរាម្រឹតព្រះកុសុមៈគិរីរម្យ ដោយមានកិច្ចសហការពីក្រសួងបរិស្ថាន, ក្រសួងកសិកម្ម និងប្រធានមជ្ឈមណ្ឌល។ ការដាំដើមឈើនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីដំណោះស្រាយដោយផ្អែកលើធម្មជាតិ ក៏ដូចជាលើកទឹកចិត្តដល់ការចូលរួមរបស់យុវជនក្នុងការដាំដើមឈើ ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ៕