(ភ្នំពេញ)៖ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសថៃ ក្នុងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ គណៈប្រតិភូរដ្ឋសភា ដឹកនាំដោយលោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស បានជួបពិភាក្សាការងារ ជាមួយលោក Don Pramudwinai រដ្នមន្ត្រីក្រសួងការបរទេសថៃ នៅទីស្តីការក្រសួង។ នៅក្នុងជំនួបពិភាក្សាការងារនេះ លោក ឈាង វុន បានស្នើដល់ភាគីថៃ ជួយគំាពារ និងយកចិត្តទុកដាក់ចំពោះពលរដ្ឋខ្មែរ ដែលកំពុងបម្រើការងារ នៅក្នុងប្រទេសថៃ តាមច្បាប់ការងាររបស់ថៃ ក្នុងនោះ គឺការទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ពីការងារ។
ក្នុងឱកាសនោះដែរ ភាគីទំាងពីរ ក៏បានលើកឡើងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសកម្ពុជា និងថៃ ដែលមានតំាងពីយូរមកហើយ គឺជាទំនាក់ទំនងដែលមានលក្ខណៈជាប្រពៃណី បងប្អូនភូមិផងរបងជាប់គ្នា។ បន្ថែមពីនេះ កិច្ចប្រជុំបានឯកភាព ក្នុងការបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អទ្វេរភាគី ពហុភាគីនៃប្រទេសទំាងពីរ ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ និង ស្ថាប័ននីតិប្រតិបត្តិ។
លោក ឈាង វុន និងលោក Don Pramudwinai បានប្តេជ្ញារួមគ្នា ក្នុងការធ្វើឲ្យទំនាក់ទំនងខាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទំាងពីរ មានការរីកចម្រើន និងរឹងមាំឡើងថែមទៀត ដោយភាគីទំាងពីរ នឹងខិតខំជំរុញឲ្យមានដំណើរទស្សនកិច្ច ផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញ ទៅមក នៅគ្រប់កម្រិតរវាងរដ្ឋសភាកម្ពុជា និងរដ្ឋសភាថៃ។ ជាងនេះទៅទៀត លោក ឈាង វុន បានស្នើម្តងហើយម្តងទៀត ដល់ភាគីថៃ ជួយគាំពារដល់ពលករកម្ពុជា ដែលបានមកធ្វើការនៅប្រទេសថៃ ឲ្យទទួលបាននូវអត្ថប្រយោជន៍ស្របតាមច្បាប់ ដូចជាការការពារសុខភាព គ្រោះថ្នាក់ការងារ ជាដើម។ ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធានគណៈប្រតិភូ បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីថ្នាក់ដឹកនាំកម្ពុជា មានសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំថៃទាំងអស់។ ជាចុងក្រោយលោក ឈាង វុន បានជម្រាបដល់រដ្ឋមន្រ្តីថៃថា ប្រមុខដឹកនាំកម្ពុជា បានគាំទ្រចំពោះការបោះឆ្នោតប្រជាមតិ របស់ប្រទេសថៃ កាលពីថ្ងៃអាទិត្យ កន្លងទៅថ្មីៗនេះ។
សូមជម្រាបជូនថា លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា ថៃ បានដឹកនាំគណៈប្រតិភូរដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រថៃ ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ ក្នុងគោលបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ពិសេស គឺស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទំាងពីរ៕