(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានប្រកាសផ្សព្វផ្សាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ដែលទៅទស្សនាតាមតំបន់ឆ្នេរសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការទទួលរងនូវឥទ្ធិពលព្យុះ OMAIS ដែលបោកបក់ពីសមុទ្រចិនខាងត្បូង ហើយជះឥទ្ធិពលមកលើតំបន់មួយចំនួននៃប្រទេសកម្ពុជា ជាពិសេសគឺតំបន់ឆ្នេរសមុទ្រ ដែលបង្កឲ្យមានកម្លាំងស្រូបខ្លាំង និងមានភ្លៀងធ្លាក់ជោគជាំ។
លោក ទិត ចន្ថា អ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងនៅថ្ងៃទី០៩សីហានេះ ថា ក្រសួងទេសចរណ៍បានផ្សព្វផ្សាយព័ត៌មាននេះ បន្តទៅគ្រប់តំបន់គោលដៅទេសចរ ដើម្បីឱ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលទៅលេងកម្សាន្ត នៅតាមតំបន់ឆ្នេរ តាមទូក កាណូត តាមតំបន់កោះនានា ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះឥទ្ធិពលព្យុះ OMAIS នេះ ជៀសវាងបញ្ហាជាយថាហេតុផ្សេងៗ។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ចាប់ពីថ្ងៃទី០៨ ខែសីហាម្សិលមិញទៅ តំបន់មួយចំនួននៃប្រទេសកម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី៥ OMAIS ជាពិសេសតំបន់ឆ្នេរសមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត នឹងមានភ្ញៀងធ្លាក់ជោគជាំ ហើយក៏បានឱ្យប្រជានេសាទ និងភ្ញៀវទេសចរ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងគ្រោះថ្នាក់ផ្សេងៗ។
លោក ទិត ចន្ថា បានបន្ថែមថា ក្រសួងក៏បានជូនព័ត៌មាននេះ ទៅដល់មន្រ្តីទេសចរណ៍ និងអាជ្ញាធរផងដែរ ឱ្យត្រៀមលក្ខណៈគ្រប់កន្លែង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងករណីមានគ្រោះថ្នាក់ណាមួយកើតឡើង និងដើម្បីបន្ថែមនូវការយកចិត្តទុកដាក់ ចំពោះសុខសុវត្ថិភាពរបស់ពួគគាត់ផងដែរ។
លោកថា «យើងបានយកព័ត៌មានទាំងនេះ ទៅផ្សព្វផ្សាយបន្តដល់មន្រ្តីរាជការ នៅតាមគោលដៅទាំងឡាយហើយ ព្រោះយើងមានមណ្ឌលព័ត៌មាន មន្ទីរព័ត៌មាន និងភ្នាក់ងារយើង ដើម្បីឱ្យមន្រ្តីជំនាញ ក៏ដូចជាភ្ញៀវទេសចរ ដែលគាត់ទៅលេងនៅទីនោះ (តំបន់ឆ្នេរសមុទ្រ) គាត់បានឃើញ និងបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា»៕