(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគ.ជ.ស.ស នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចុះសួរសុខទុក្ខ និងនាំយកថវិការបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី ឃៀក បូរ៉ា អនុប្រធាននាយកដ្ឋាន ដែលមានជំងឺ និងកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់នាយឧត្តមសេនីយ៍ ស ថេត ជូនដល់លោកឧត្តមសេនីយ៍ត្រី ឃៀក បូរ៉ា និងថវិកាចំនួន៨លានរៀល (ក្នុងនោះថវិកានាយឧត្តមសេនីយ៍ អគ្គស្នងការ ចំនួន៤លានរៀល និងថវិការបស់លោក ចំនួន៤លានរៀល)។
លោកប្រធាននាយកដ្ឋាន បានលើកទឹកចិត្តដល់លោកឧត្តមសេនីយ៍ត្រី ឃៀក បូរ៉ា ដោយត្រូវខិតខំថែរក្សាសុខភាព និងអនុវត្តតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ដើម្បីឆាប់មានសុខភាពល្អឡើងវិញ៕