(កណ្តាល)៖ ក្រុមនិស្សិតជំនាញសេដ្ឋកិច្ច គ្រប់គ្រង ម៉ាឃីទីង និងជំនាញពាណិជ្ជកម្មអន្តរជាតិ និងបុគ្គលិក សាស្ត្រាចារ្យក្នុងមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ និងមហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ច នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ចំនួន ១២០នាក់ បានចុះទៅធ្វើទស្សនកិច្ចសិក្សា នៅក្រុមហ៊ុន ខ្មែរ ហ្រេ្វស មីល (កសិដ្ឋានគិរីសួគ៌) ដែលជាកន្លែងចិញ្ចឹមគោយកទឹកដោះដ៏ធំជាងគេ ដោយប្រើបច្ចេកវិទ្យាទំនើបបំផុតនៅកម្ពុជា។

បើតាមលោក ភួន វណ្ណៈ ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ និងមហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ច ក្នុងឱកាសដឹកនាំក្រុមនិស្សិតចុះធ្វើទស្សនកិច្ចសិក្សា នាថ្ងៃទៅ០៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយអនុលោមតាមចក្ខុវិស័យរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានកំណត់នូវយន្តការនៃការបណ្តុះបណ្តាលចាំបាច់ត្រូវតែផ្សារភ្ជាប់ការសិក្សាទ្រឹស្តី នៅក្នុងថ្នាក់ទៅនឹងការអនុវត្តជាក់ស្តែងគ្រប់ជំនាញទាំងអស់របស់និស្សិត ដើម្បីបានចុះឈ្វេងយល់អំពីសង្វាក់ផលិតកម្ម និងប្រព័ន្ធប្រតិបត្តិការការងារនៅតាមស្ថាប័ន រោងចក្រសហគ្រាស និងក្រុមហ៊ុននានាទាំងវិស័យសារណៈ និងវិស័យឯកជនក្នុងគោលដៅពង្រឹងសមត្ថភាពជំនាញសិក្សា និងបំណិនរបស់និស្សិតឱ្យមានភាពទូលំទូលាយ និងគុណភាពកាន់តែប្រសើរឡើងបន្ថែមទៀត។

លោកព្រឹទ្ធបុរស បានបន្ថែមទៀតថា ជារៀងរាល់ឆ្នាំ និងរាល់ឆមាស សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តែងតែបានរៀបចំកម្មវិធីដំណើរចុះធ្វើទស្សនកិច្ចសិក្សារបស់និស្សិតជាប្រចាំ។ ក្រៅពីការលើកឡើងខាងលើ លោក ភួន វណ្ណៈ បានបញ្ជាក់បន្ថែមពីគោលបំណងដែលបានគ្រោងទុកក្នុងរបៀបវារៈនៃទស្សកិច្ចសិក្សារបស់និស្សិតនោះ រួមមាន៖

១៖ ឈ្វេងយល់ពីដំណើរការនៃការកកើតក្រុមហ៊ុន ដំណើរការនៃកសិកម្មទំនើបការចិញ្ចឹមគោដោយប្រើបច្ចេកវិទ្យាជឿនលឿន និងដំណើរការផលិតកែច្នៃទឹកដោះគោប្រកបដោយស្ដង់ដារខ្ពស់របស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក ដែលទើបតែជាប់ពានរង្វាន់សហគ្រិនជាតិកាលពីចុងឆ្នាំ២០២២

២៖ ឈ្វេងយល់ពីប្រភពគោទឹកដោះស្រស់ និងបច្ចេកទេសនៃការចិញ្ចឹមគោទឹកដោះ ដែលជាចំណែកអាហាររូបត្ថម្ភសម្រាប់ប្រជាពលរដ្ឋ

៣៖ ឈ្វេងយល់ពីវិធីសាស្ត្ររបស់សិដ្ឋានក្នុងការលក់ចែកចាយផលិតផលទឹកដោះគោស្រស់ទៅលើទីផ្សារ និងយុទ្ធសាស្រ្តប្រកួតប្រជែងលើទីផ្សារជាដើម

៤៖ ឈ្វេងយល់ពីអត្ថប្រយោជន៍គុណភាពរបស់ទឹកដោះគោសម្រាប់អតិថិជនប្រើប្រាស់ និងការផ្តល់ឱកាសការងារ ដល់ប្រជាពលរដ្ឋក្នុងស្រុក ក៏ដូចជាចំណែកនៃប្រភពចំណូលសេដ្ឋកិច្ចកម្ពុជាផងដែរ

លោក ម៉ន សាម៉េត ជាប្រធានផ្នែកធនធានមនុស្ស និងរដ្ឋបាល បានបញ្ជាក់ដែរថា ស្ថាបនិកកសិដ្ឋានគិរីសួគ៌ និងអ្នកជំនាញកសិកម្មទំនើបបានធ្វើការសិក្សាស្រាវជ្រាវនៅផ្នែកមួយៗ នៃសង្វាក់ផលិតកម្មចិញ្ចឹមគោតាំងពីដើមដល់ចប់ ដោយផ្ដើមពីផ្នែកដាំដុះច្រូតកាត់ស្មៅដោយម៉ាស៊ីនគ្រឿងចក្រ ផ្នែកចម្ការពោត ចម្ការស្មៅម៉ុម បាសាស្រោចស្រព​ដោយប្រព័ន្ធទឹកស្វ័យប្រវត្តិការកែច្នៃចំណីសត្វសម្បូរជីវជាតិ ការកែច្នៃផលិត រហូតដល់ច្រកដបវេចខ្ចប់ជាផលិតផលសម្រេច និងដើម្បីឱ្យសម្រេចបានជាទឹកដោះគោមួយដែលមានគុណភាពអភិវឌ្ឍសុខភាពតាមរយៈការពង្រីកអាហារូបត្ថម្ភដល់ប្រជាជន៕